ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាជោគជាំ បានប្រើអំពើហិង្សាដោយយកដាវកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់

មណ្ឌលគិរី: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រោមការដឹកនាំរបស់ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចាត់កម្លាំងជំនាញភ្លាមៗទៅបង្ក្រាបករណីអំពើហឹង្សា១កន្លែងដោយជោគជ័យ កាលពី ថ្ងៃពុធ១៤រោចខែអាសាឍ ឆ្នាំខាល សត្វាស័ក.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នាវេលាម៉ោង១៤និង១៥នាទី នៅត្រង់ចំណុចផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មានករណីប្រើអំពើហឹង្សាដោយចេតនាមួយបានកើតឡើង ដោយជនសង្ស័យដែលជាជនបង្កមានឈ្មោះ ព្រីង រស្មី ភេទ ប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន រស់នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រើអំពើហឹង្សាដោយចេតនាទៅលើ ជនរងគ្រោះមានឈ្មោះ សែម ម្លាវ ភេទប្រុសអាយុ៥៦ ឆ្នាំជនជាតិព្នង មុខរបរកសិករ ។មានស្រុកកំណើត ភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ស្រុកពេជ្រាដាបានបញ្ជាក់ក្នុងរបាយការណ៍ថា មុនពេលកើតហេតុនៅផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ មានកម្មពិធីកាប់ក្របីសែនព្រេន ហើយមានប្រជាពលរដ្ឋចូលរួមផឹកស៊ីជាច្រើននាក់នៅក្នុងនោះក៏មានបុរសដែលជាជនបង្កក៏បានចូលរួមផឹកស៊ីក្នុងកម្មពិធីនោះផងដែរ កាផឹកស៊ីចេះតែអូសបន្លាយពេលវេលាទៅមុខពេលនោះស្រាប់តែជនបង្កស្ថិតក្នុងស្ថានភាពស្រវឹងក៏បានប៉ះទង្គិចពាក្យសំដីគ្នាជាមួយជនរងគ្រោះ។ ស្រាប់តែជនបង្កក៏បានដើទៅយកដាវពីផ្ទះរបស់ខ្លួនមកដេញកាប់មនុស្សក្នុងវង់ផឹកស៊ីក្នុងកម្មពិធីរត់គេច​រាងៗ ខ្លួនអស់ទៅនៅសល់តែជនរងគ្រោះកំពុងតែអង្គុយស្រាប់តែជនបង្កបានយកដាវកាប់ទៅលើជនរងគ្រោះចំគល់កខាងក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

បច្ចុប្បន្នជនសង្ស័យដែលជាជនបង្កត្រូវបាន កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដាសហការជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនលេខ៣០៣ នឹងកម្លាំងប៉ុស្តិ៍ពូជ្រៃ បានចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់ រីឯជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ៕

មតិយោបល់