បន្ទាយមានជ័យៈ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសA ចំនួន១៦នាក់ នៅខេត្តបន្ទាយមានជ័យ ទទួលបានរង្វាន់ម៉ូតូម្នាក់១គ្រឿងពីថ្នាក់ដឹកនាំ ព្រមទាំងសម្ភារៈជាច្រើនមុខទៀត។
ពិធីប្រគល់ម៉ូតូនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ២០១៦ ក្រោមអធិបតីភាពលោកស្រី ម៉ៅ ម៉ាល័យ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន មានការចូលរួម លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ,លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីភាពរីកចំរើនរបស់ខេត្តជាពិសេសការសិក្សារបស់ក្មួយៗ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានចំណាត់ថ្នាក់ល្អ។ ជាក់ស្តែងសម្រាប់ក្មួយថ្នាក់ទី១២ឆ្នាំសិក្សា២០១៥-២០១៦ ទទួលបាននិទ្ទេសAដល់ទៅ១៦នាក់ កើនលើសឆ្នាំ២០១៥ ដល់ទៅ១៤នាក់។ លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរអរគុណដល់ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់ម៉ូតូចំនួន១៦គ្រឿង ជូនដល់ក្មួយៗ ជាប់និទ្ទេសA ម្នាក់មួយគ្រឿង ដើម្បីលើកទឹកចិត្តឲ្យបន្តខិតខំរៀនបន្ថែមទៀត។
លោក ស សុខា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំក្រោយ និងផ្តល់ម៉ូតូដូចនេះទៀត ជាមួយគ្នានោះលោក សូមឲ្យអាណាព្យាបាល និងប្អូនគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត និងសូមឲ្យប្អូនបន្តការខិតខំបន្ថែមទៀត ដោយមុននិងធ្វើអ្វីត្រូវគិតឲ្យបានច្បាស់៕
មតិយោបល់