ស្វាយរៀងៈ សម្ដេចព្រះសង្ឃរាជាធិបតីគត្ដិឧទ្ទេសបណ្ឌិតទេពវង្សសម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងលោកអភិបាលខេត្ត ព្រះសង្ឃមន្ត្រី រាជការជុំវិញខេត្ត ប្រជាពុទ្ធិបរិសទ័ប្រមាណជាង១.០០០អង្គ និងនាក់ បានអញ្ជើញចូលរួមបូជាព្រះសពព្រះសាសនមុនីជេតឌិនព្រះរាជាគណះថ្នាក់ទោព្រះមេគុណខេត្តស្វាយរៀងនារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នៅវត្តជម្ពូព្រឹក្សាហៅវត្តថ្មីស្ថិតក្នុងក្រុងស្វាយរៀង។
បើតាមប្រវត្តិរូបសង្ខេបរបស់ព្រះសពសាសនមុនីជេតឌិន ព្រះមេគុណ ខេត្តស្វាយរៀង ប្រសូត្រនៅថ្ងៃសៅរ៍៥កើតខែទុតិយាសាធ ឆ្នាំម្សាញ់ ឯកស័ក ពុទ្ធសករាជ២៤៧៣ ត្រូវនិង ថ្ងៃទី១០ ខែសីហា គ.ស១៩២៩នៅភូមិកោះដូនសយ (បច្ចុប្បន្នបញ្ចូលជាភូមិបន្លាស្អិត) ឃុំច្រេសស្រុកចន្ទ្រា ខេត្តស្វាយរៀងក្នុងត្រកូលកសិករ មានបិតានាម ជេត ភាក់ និងមាតា នាម ស្រី ឆែ មានបងប្អូនបង្កើតចំនួន៨នាក់ ហើយព្រះអង្គបានសាងព្រះភ្នស់តាំងតែមានអាយុ១០ឆ្នាំក្នុងមួយព្រះជន្មរបស់ព្រះអង្គសាងព្រះភ្នស់ទាល់តែអស់អាយុសង្ហាដើម្បីបំរើព្រះពុទ្ធសាសនា។
ព្រះសាសនមុនីជេតឌិនបានទទួលព្រះអនិច្ចធម្មកាលពីថ្ងៃ១៥កើតខែមាឃឆ្នាំមមែសប្តសក័ព.ស២៥៥៩ត្រូវនិងថ្ងៃទី២២ខែកុម្ពះឆ្នាំ២០១៦ ហើយព្រះសពតម្កល់ទុកធ្វើបុណ្យនៅវត្តជម្ពូព្រឹក្សារយៈពេល៣ខែ ទើបបូជាព្រះសពនៅថ្ងៃនេះតែម្តង។ លោកជំទាវម៉ែនសំអនមានប្រសាសន៍នៅក្នុងពិធីនោះថា ស្ថិតក្នុងបរិយាកាសដ៏ក្ដុកក្ដួលរំជួលចិត្ដខណៈពេលដែលយើងទាំង អស់គ្នា បានបាត់បង់នូវឧត្ដមបុគ្គល ជាទីគោរពស្រឡាញ់ បាត់បង់នូវព្រះគ្រូឧបជ្ឈាយ៍ ដ៏មានចំណេះវិជ្ជាជ្រៅជ្រះក្នុងវិស័យពុទ្ធចក្រ មានគុណធម៌ មានព្រហ្មវិហារធម៌ និងការសណ្ដោសប្រណីដល់សិស្សគណទាំងអស់ និងជានិមិត្ដរូបនៃស្រែបុណ្យដ៏ត្រជាក់សុខក្សេមក្សាន្ដចំពោះ សាធុជនពុទ្ធបរិស័ទទាំងឡាយ គឺព្រះសាសនមុនី ជេត ឌិន ព្រះរាជាថ្នាក់ទោ និងជាព្រះមេគណខេត្ដស្វាយរៀង ដែលមួយព្រះជន្មរបស់ព្រះអង្គ គឺបូជាថ្វាយចំពោះព្រះពុទ្ធសាសនា នៃខេមរជនយើង ។
លោកស្រីម៉ែនសំអនបានបន្តទៀតថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងរូបស្រីផ្ទាល់សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ប្រគេនចំពោះព្រះសង្ឃទូទាំងខេត្ដស្វាយរៀង ក៏ដូចជាព្រះសង្ឃនៅតាមបណ្ដាខេត្ដនានា រួមទាំងព្រះសង្ឃគង់នៅបរទេស ដែលជាសិស្សគណទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្ដី តាមការអំពាវនាវក្ដី និងចំណាយកម្លាំងកាយ កម្លាំងចិត្ដចូលរួមរៀបចំពិធីបុណ្យបង្សុកូលជាប្រចាំរៀងរាល់ថ្ងៃ គឺក្នុងមួយស្រុក និងក្រុងមានចំនួន៣ ថ្ងៃ និងមានរហូតទៅដល់៦វេណ ។
កាយវិការដ៏ប្រពៃនេះ គឺជាការបំពេញកត្ដញូមួយយ៉ាងធំធេងចំពោះអ្នកដ៏មានគុណ ក៏ដូចជាគ្រូឧបជ្ឈាយ៍យាចារ្យនៃយើង គឺព្រះសាសនមុនី ជេត ឌិន រាជាគណៈថ្នាក់ទោ និងជាព្រះមេគណខេត្ដរបស់យើង (នេះមិនគិតពីការចំណាយកម្លាំងទៅថែទាំ និងចំណាយបច្ច័យផ្ទាល់ខ្លួន ក្នុងការព្យាបាលព្រះរោគព្រះអង្គក្នុងកំឡុងពេលព្រះអង្គកំពុងព្រះអាពាធ)។ មិនតែប៉ុណ្ណោះលោកស្រីម៉ែនសំអនក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ដ ក្រុង ស្រុក និងបណ្ដាអង្គភាព មន្ទីរស្ថាប័ននានា នៅជុំវិញខេត្ដ ដែលបានយកចិត្ដទុកដាក់ ជួយខ្នះខ្នែងតាំងពីពេលដែល ព្រះសាសនមុនី ជេត ឌិន ព្រះអង្គបានធ្វើព្រះអនិច្ចធម្មទៅកាលថ្ងៃទី១៥កើត ខែមាឃ ឆ្នាំមមែ បស្ដស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានរៀបចំឲ្យមានការគោរពវិញ្ញាណក្ខន្ធព្រះអង្គ និងនិមន្ដព្រះសង្ឃបង្សុកូល បានគ្រប់អង្គភាពស្ថាប័ននានានៅក្នុងទូទាំងខេត្ត។
ហើយបានប្រព្រឹត្ដទៅដោយទឹកសុទ្ធាជ្រះថ្លា ពោរពេញដោយភាពរលូន មិនមានសៅហ្មងក្នុងចិត្ដ នេះសរបញ្ជាក់ឲ្យឃើញថាបងប្អូនបានលះបង់នូវមច្ឆរិយ គឺសេចក្ដីកំណាញ់ ដើម្បីបូជាដល់ព្រះពុទ្ធសាសនា និងខិតខំកសាងនូវមនុញ្ញផល និងកុសលផលបុណ្យសម្រាប់ជាតិនេះ និងទៅជាតិខាងមុខទៀត៕
មតិយោបល់