ព័ត៌មានជាតិ

នាំកូនប្រុសតូចៗ២នាក់មកសម្រក់ទឹកភ្នែក នៅប៉ុស្តិ៍នគរបាល ក្រោយបាត់ប្រពន្ធ

ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ បាននាំកូនប្រុសរបស់ខ្លួន២នាក់តូចៗ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ទាំងទឹកភ្នែករលីងរលោង ក្រោយបាត់ប្រពន្ធ មិនឃើញត្រលប់មកផ្ទះវិញ។

បុរសខាងលើមានឈ្មោះ វិរៈ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅភូមិរមៀត ឃុំកណ្តោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកប្រពន្ធរបស់គាត់ ដែលបានបាត់ដំណឹងនោះ ឈ្មោះ សោភា អាយុ៣៦ ឆ្នាំ មានស្រុកកំណើតនៅស្រុកភូមិជាមួយគ្នា។

តាមការរៀបរាប់បុរសកំសត់ខាងលើ បានឲ្យដឹងថា ពួកគាត់ទាំង២នាក់ បានរៀបការជាមួយគ្នា នៅឆ្នាំ២០០៦ ដោយមានចំណងដៃកូនប្រុស២នាក់ ខណៈមានជីវភាពខ្វះខាតក្នុងគ្រួសារ ពួកគាត់ក៏បានសម្រេចចិត្តនាំគ្នា ចាកចេញពីស្រុកកំណើត មករស់នៅភ្នំពេញ ម្តុំលូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយបុរសជាប្តីប្រកបរបរជាសន្តិសុខឯកជន រីឯប្រពន្ធជាកម្មកររោងចក្រ។

គាត់បានបន្តទៀតថា មួយរយៈចុងក្រោយនេះ មានលេខទូរស័ព្ទតេមកប្រពន្ធរបស់គាត់ ជាសំទ្បេងមនុស្សប្រុស ហើយគាត់ក៏បានសួរប្រពន្ធថា នណាតេមក? ប្រពន្ធរបស់គាត់ បានឆ្លើយថាគេច្រលំលេខ ក្រោយមកដោយគាត់មិនទុកចិត្តប្រពន្ធ ក៏ប្តូរលេខទូរស័ព្ទឲ្យប្រពន្ធ នៅតែមានមនុប្រុសតេមកទៀត លុះនៅថ្ងៃម្សិលមិញថ្ងៃ២៨ ខែកុម្ភៈ នៅវេលាម៉ោង៧ព្រឹក ប្រពន្ធរបស់គាត់បានចេញទៅធ្វើការ បាត់រហូតដល់ថ្ងៃនេះ ទើបនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រូបគាត់ក៏បាននាំកូនប្រុសរបស់គាត់ទាំង២នាក់ មកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយដឹងឮ៕

មតិយោបល់