រថភ្លើងពីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបាត់ដំបង-ស្វាយស៊ីសុផុន គ្រោងនឹងដាក់ដំណើរការ នាមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
កាលពីម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) និងភាគីពាក់ព័ន្ធ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។
គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សារិះរកមធ្យោបាយពន្លឿន ការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរប្រភេទនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាពង្រឹងការដឹកជញ្ជូនតាមរថភ្លើងរបស់កម្ពុជាឡើងវិញផងដែរ។
ជាមួយគ្នានេះផងដែរ អង្គប្រជុំបានយល់ព្រមដោះស្រាយបញ្ហាមួយចំនួនរួមមាន៖ ការដាក់ឱ្យដំណើរការរថភ្លើងដែលមានស្រាប់របស់ក្រុមហ៊ុន ការរង់ចាំរថភ្លើងដែលកម្ម៉ង់ទិញពីប្រទេសម៉ិចស៊ិចកូមកដល់ ការដោះស្រាយខ្លោងទ្វារវត្តនៅមុខព្រលានយន្តហោះមុនការដាក់ឱ្យដំណើរការ និងការលាបពណ៌ទូរថភ្លើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកធ្វើដំណើរ និងការធ្វើផ្លូវកាត់មហាវិថីសហព័ន្ធរុស្សី។
រថភ្លើងនេះ អាចរត់ភ្ជាប់គ្នាម្តងទាំង ៣ ឬអាចរត់ដាច់ដោយឡែកពីគ្នាក៏បាន ហើយអាចរត់ក្នុងទិសដៅ ទាំងទៅ ទាំងមក ដោយមានមុខ ២។
រថភ្លើងធនស្រាលនេះ នឹងសាងសង់ឡើង ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចរត់ក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង។
ខ្សែរថភ្លើងនេះ នឹងផ្លូវរថភ្លើងបង្កប់ក្នុងផ្លូវថ្នល់ និងសាងសង់នៅលើផ្លូវដែលមានស្រាប់ មិនមានរុះរើលំនៅដ្ឋានទេ ហើយរថភ្លើងនឹងឆ្លងកាត់ឆាប់ណាស់ មិនធ្វើឲ្យកកស្ទះចរាចរណ៍ទេ ព្រមទាំងធានាសុវត្ថិភាពទៀតផង។
បច្ចុប្បន្ន ក្រុមហ៊ុន Royal Group បានកក់លុយទិញរថភ្លើង ៤គ្រឿងរួចហើយ (ប្រមាណ ១លានដុល្លារអាមេរិក ក្នុងមួយគ្រឿង) ដែលអាចផ្ទុកអ្នកដំណើរប្រមាណជា ១០០នាក់ក្នុងមួយគ្រឿង ហើយអ្នកដំណើរអាចជិះដោយឥតគិតថ្លៃ ក្នុង៣ខែដំបូង បន្ទាប់ពីការបើកដំណើរការជាផ្លូវការ។
គួររម្លឹកដែរថា គម្រោងតភ្ជាប់ផ្លូវរថភ្លើងធនស្រាល នឹងមានខ្សែរត់ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមានប្រវែងតែ ៣០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវដែកដែលមានស្រាប់នៅខាងក្រៅរបងរបស់តំបន់សេដ្ឋកិច្ចពិសេស៕
មតិយោបល់