បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូកៀរម៉ូតូ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ម៉ូតូបង្កម៉ាកហុងដាហ្សូមើអ៊ិច Honda Zoomer X C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បើកដោយឈ្មោះ ណាង ចំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក (រងរបួសស្រាល) បើកបរទិសដៅពីលិចទៅកើត ទៅកៀរម៉ូតូម៉ាកហុងដាវេវ Honda C100 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០០ បើកបរដោយ ឈ្មោះ សាន់ មឿន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក (រងរបួសធ្ងន់បែកក្បាល) បើកបរក្នុងទិសដៅស្របគ្នា ដោយភាគីម៉ូតូហ្សូមើអ៊ិច បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះតែម្ដង ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពពេជ្រចិន្ដា ក្រោយពីធ្វើការវាស់វែងកន្លែងកើតហេតុរួច បានយកម៉ូតូទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់