កណ្តាលៈ ក្មេងស្រីម្នាក់ ខឹងនឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច បែរជារត់ចោលផ្ទះអស់រយៈពេល៤ថ្ងៃ ត្រូវបានក្រុមគ្រួសាររាយការណ៍ជូនកម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល បើកការស្រាវជ្រាវអស់រយៈពេល ៧ម៉ោងឈានទៅដល់ការនាំខ្លួនក្មេងស្រីខាងលើបានមកវិញ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ស្តីពីករណីបាត់ក្មេងស្រីឈ្មោះ សឿន សុគន្ធ ដែលចេញពីផ្ទះនៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២០ ខែមករា នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញទៀត។
ក្រោយពីទទួលដំណឹងនេះរួចមក លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បញ្ជាដល់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុង ទាំងអស់ក្នុងខេត្ត ឲ្យធ្វើការស្រាវជ្រាវស្វែងរកក្មេងស្រីដែលបានបាត់ខ្លួន ឲ្យអស់ពីសមត្ថភាព។
តាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ មេបញ្ជាការកម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយមេបញ្ជាការស្រុក សហការជាមួយមន្ទីរជំនាញខេត្ត បានចុះស្រាវជ្រាវនិងសាកសួរព័ត៌មាន ពីអាណាព្យាបាលក្មេងស្រីរួចមក រយៈពេលត្រឹមតែ៧ម៉ោងជាងប៉ុណ្ណោះ កម្លាំងកងរាជអាវុធហត្ថ បានរកឃើញក្មេងស្រីនោះ និងបានយកទៅប្រគល់ជូនអាណាព្យាបាលវិញដោយមានសុវត្ថិភាព និងគ្មានរបួសស្នាមអ្វីនោះឡើយ ហើយមូលហេតុ ត្រូវបានកម្លាំងអាវុធហត្ថឲ្យដឹងថា ដោយសារតែក្មេងស្រីខាងលើ ខឹងនឹងសម្តីឪពុកម្តាយស្តីបន្ទោស ទើបរត់ចេញពីផ្ទះបែបនេះ៕
មតិយោបល់