កំពង់ស្ពឺៈ លោកស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនអគ្គិភ័យ បានប្រាប់Post Newsថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះអស់ចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ ទី១មានម្ចាស់ឈ្មោះ ឃួន អូន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិម្កាក់ ឃុំស្នំក្រពើ សម្ភារៈខូចខាតមាន ផ្ទះ១ខ្នង ទំហំ ៧×៨ម៉ែត្រ និងផ្ទះបាយទំហំ ៧×៥ម៉ែត្រ ប្រក់ស៊ីប្រូ ជញ្ជាំងក្តា បេតុក្រោម តុឈើ២ ទូកញ្ចក់៣ សម្លៀកបំពាក់ ចានឆ្នាំឆេះទាំងស្រុង។ ចំណែកផ្ទះទី២មានម្ចាស់ឈ្មោះ យិន សុវុទ្ធី (អភិបាលរងស្រុក) ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិម្នាក់ ឃុំស្នំក្រពើ សម្ភារៈខូចខាតមាន ផ្ទះ១ខ្នងទំហំ ៨×១៤ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តា បេតុងក្រោម លុយដុល្លារ៥០០ដុល្លា លុយខ្មែរ ៤០០,០០០រៀល ស្រូវ ២៧បាវ ទូរឈើ២ ទូរចាន១ តុ៣ គ្រែ៤ ពូក៣ សម្លៀកបំពាក់ ចានឆ្នាំខូចខាតទាំងស្រុង ។
ចំណែកមូលហេតុ បណ្តាលមកពី ម្ចាស់អុជធូប ហើយមិននៅផ្ទះ (ផ្ទះឈ្មោះ ឃួន អូន) ឆេះរាលដល់ផ្ទះឈ្មោះ យិន សុវុទ្ធី ហើយក្នុងនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ក្នុងនោះមានស្រុកគងពិសី ១គ្រឿង ស្រុកឧដុង្គ ១គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ១១ឡានទើបរលត់ទៅវិញជាស្ថាពរ៕
មតិយោបល់