បាត់ដំបងៈ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ក្រោយពេលជនសង័្សយធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះជាព្រះសង្ឃគង់ នៅក្នុងអារាមវត្តឈើទាលក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងបានមួយថ្ងៃរួចមក។
ការសម្រេចឃាត់ខ្លួននៅពេលនេះ ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះ ហេង ណារិន ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលដែលរូបគេ បានប្រព្រឹត្តករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសដោយ (ប្រើអាវុធ) កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱ្យព្រះសង្ឃព្រះនាម សូត្រ សុផុន ព្រះជន៧២ព្រះ វស្សាជាព្រះគ្រូសូត្រឆ្វេងវត្តឈើទាល ទទួលរងរបួសនៅលើព្រះភក្រ្តខាងស្តាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ រូបនេះបានសារភាពថា មូលហេតុ ដែលរូបគេយកកាំបិតង៉ុក មកកាប់ប្រហារលើព្រះសង្ឃជាជនរងគ្រោះ មានព្រះនាមខាងលើ គឺដោយសារ រូបគេមានគំនុំជាមួយព្រះសង្ឃអង្គនេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។ កាលនោះខ្លួនធ្លាប់មកស្នាក់នៅទីអារាមនេះ ហើយបានសុំព្រះគ្រូព្រះនាម សូត្រ សុផុន បួសជាសាមណេរ ប៉ុន្តែព្រះគ្រូមិនអនុញ្ញាតឱ្យបួស ហើយពេលបន្ទាប់ខ្លួនក៏ ចាកចេញពីទីអារាមនោះទៅ ហើយផ្តើមនូវគំនុំនេះរហូតមក លុះដល់ថ្ងៃកើតហេតុខ្លួនជិះម៉ូតូតែម្នាក់ឯង ប្រដាប់ដោយកាំបិតង៉ុកមួយ ចូលទៅកាប់ប្រហារព្រះ សង្ឃដែលកំពុងគង់នៅក្នុងកុដិតែអង្គឯង មួយកាំបិតហើយជិះម៉ូតូគេចខ្លួនបាត់ទៅ។
សមត្ថកិច្ចដកហូតបានកាំបិតង៉ុកចំនួន០១ ស្បែកជើងរបស់ជនសង័្សយមួយគូនៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿង ដែលគេជិះធ្វើសកម្មភាព ដែលពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការ បន្តតាមផ្លូវច្បាប់៕
មតិយោបល់