ព័ត៌មានសុខភាព

ធ្ងន់ធ្ងរដល់ម្លឹង! ជក់បារីអាចបណ្តោលឲ្យខូចខួរក្បាល

បើយោងតាមការសិក្សាក្នុងឆ្នាំ ២០១៥ ប្រទេសឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ៤ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ដោយសារតែការជក់បារី។ បារីមានឥទ្ធិពលខ្លាំងណាស់ទៅលើរាងកាយពីក្បាលដល់ចុងជើង ហើយអង្កការពិភពលោក WHO ក៏បានបង្ហាញងដែរថា ការជក់បារី គឺជាចំណែកមួយដែលអាចសម្លាប់មនុស្សច្រើនបំផុតនៅទូទាំងពិភពលោក។

នៅក្នុងផ្សែងបារី ត្រូវបានគេរកឃើញសារធាតុគីមីដ៏មានគ្រោះថ្នាក់ជាង ៤,៧០០ប្រភេទ ដែលអាចជះឥទ្ធិពលមកលើសួត និងសរសៃឈាមយ៉ាងខ្លាំង ហើយសូម្បីតែខួរក្បាលក៏គេមិនផុតពីគ្រោះថ្នាក់ដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ធ្ងន់ធ្ងរ ៣ចំណុចចំពោះខួរក្បាល ដែលអ្នកជំនាញបានព្រមាន៖

១.ការជក់បារីច្រើនហួសហេតុ អាចធ្វើឲ្យខួរក្បាលចុះខ្សោយ និងរួញស្វិត។ វាក៏អាចបណ្តោលឲ្យថយចុះនៃការយល់ដឹងរបស់មនុស្សពេញវ័យ និងនៅតែបន្តកើតមានច្រើនឆ្នាំទៀត បើទោះជាអ្នកឈប់ជក់បារីក៏ដោយ។ នេះគឺជាមូលហេតុដែលអ្នកជក់បារី មានហានិភ័យខ្ពស់វិវត្តទៅរកជំងឺវង្វេង ឬបាត់ការចង់ចាំ យ៉ាងហោចណាស់៧៩ភាគរយ។ អ្នកជក់បារីជារឿយៗទទួលរងនូវការគេងមិនលក់ និងការគេងស្រម៉ុក ដែលអាចបង្កើនហានិភ័យជំងឺវង្វេងនៅឆ្នាំក្រោយ។

២.ការជក់បារីជារឿយៗប៉ះពាល់ដល់ភាពឆ្លាតវៃ ដែលគេហៅថា កម្រិត IQ ។ ការផ្គល់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល ត្រូវបានកាត់បន្ថយ ហើយនៅពេលដែលវត្តមាននៃកាបូឌីអុកស៊ីត កាន់តែកើនឡើង អាចជះឥទ្ធិពលដល់អេម៉ូក្លូប៊ីន របស់អ្នក។ ជាពិសេស សមត្ថភាពក្នុងការវិភាគ និងដោះស្រាយបញ្ហាផ្សេងៗ ត្រូវបានធ្លាក់ចុះដោយសារតែទម្លាប់ជក់បារី។

៣.ជក់បារីមានហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាល។ វត្តមានជាតិនីកូទីន នៅក្នុងផ្សែងបារី អាចជ្រាបចូលទៅក្នុងឈាម និធ្វើឲ្យងឈាមខាប់ខ្លាំង។ នេះហើយជាមូលហេតុដែលធ្វើឲ្យសរសៃឈាមក្រហមមានកំណក់កូលេស្តេរ៉ុល ធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គងឈាមទៅកាន់ខួរក្បាល ហើយទីបំផុតជំងឺដាច់សរសៃឈាម នឹងកើតមានឡើង។ ហានិភ័យនៃការស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលកើនឡើងទ្វេរដង បើធៀបទៅនឹងអ្នកមិនជក់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឈប់ជក់បារីក្នុងរយៈពេល ៥ឆ្នាំ រួមជាមួយនឹងការទទួលទាអាហារបំប៉នគ្រប់គ្រាន់ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចកាត់បន្ថយបាន៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់