ភ្នំពេញៈ ប្រឡូកក្នុងវិថីសិល្បៈ ដោយគ្មាន ដុំ គ្មានពួរ ក្នុងរយៈពេល២ ឆ្នាំ បានធ្វើឲ្យ ភូ ចន្ទ តារា បានត្រឹមតែជា តួ រាយរង ដោយរកចំណូលបានតិច តូចស្តួចស្តើង តែនៅប្រាថ្នា ឈានទៅរកជោគជ័យក្នុងពេលខាងមុខ ។
តារាសម្តែង ភូ ចន្ទ តារា ដែលរសាត់អណ្តែតពីទឹកដី កំពត មក រស់ឯកា ក្នុងបន្ទប់ជួល ដ៏តូច មួយ តស៊ូ ជាមួយនឹងសិល្បៈ ព្រោះតែនិស្ស័យ ពីតូច បានបណ្តាលឲ្យ តារា រូបនេះស្រវ៉ាស្រទិញ ចង់ជោគជ័យ ។
ភូ ចន្ទ តារា អះអាងប្រាប់ Post News នៅរាត្រីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ ឲ្យដឹងថា លោកបានប្រឡូកចូល សិល្បៈតាំងពីឆ្នាំ ២០១៤ តែ បង្ហាញខ្លួនតិចតូចបំផុត ដោយបង្ហាញខ្លួន តាមរយៈ MV ផលិតកម្មមួយចំនួន តែមិនសូវចេញមុខ និង ថ្មីៗ នេះ ទើបតែ ថត ចប់រឿង «វិថីនារី » ក៏តួ មិនចេញមុខ ។ ប៉ុន្តែ ពេលចេញមុខ គ្រាន់បើនៅផលិតកម្ម PR Production ដោយ គេ ឲ្យដើរ តួ រាងធំតិច ហើយចេញមុខញឹកញាប់ តាមរយៈរឿង «ផ្ការីកក្នុងចិត្ត» ។
តារាសម្តែងដែលមានវ័យ ២៣ឆ្នាំ រូបនេះ ថា «សម្រាប់ចំណូល ដែលបានមកពីការថតកុននេះគឺតិចតូចបំផុត ដោយ១ថ្ងៃគេ គិតឲ្យតែ ១០ដុល្លារ ទៅ ២០ដុល្លារ ជួនកាលជួប អ្នកហៅថត ខ្លះបោកទៀតក៏មានដែរ ប៉ុន្តែខ្ញុំ មិនចុះចាញ់នោះទេ ដោយចង់ប្រាថ្នាជោគជ័យ ឲ្យខានតែបាន នៅក្នុងពិភពសិល្បៈ »។
នៅពេល Post News សួរ ថា ចូលសិល្បៈតាមនរណាគេ ?
តារាដែលមកពីទឹកដីសម្បូរក្តាម បានឲ្យដឹងថា ដើមឡើយ ខ្លួន គឺរត់តុ ប៉ុណ្ណោះនៅភោជនីយដ្ឋានមួយ ប៉ុន្តែនៅកៀកកន្លែង ធ្វើការ មាន ក្លឹបបង្ហាត់បង្រៀនសិល្បៈ ក៏ចូល ហាត់តែម្តង នឹងបានស្គាល់គេស្គាល់ឯង ដោយគេ ហៅថត ខ្លះៗ ក៏ប៉ុន្តែ មិនជោគជ័យនោះទេ ហើយ សង្ឃឹមយ៉ាងមុតមាំថា គង់នឹង ទេវតា អាណិត នូវការតស៊ូ របស់ខ្លួន បំភ្លឺផ្លូវ ឈានទៅរក ភាពជោគជ័យជាមិនខាន ៕
មតិយោបល់