ពោធិ៍សាត់ៈ នៅវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃចម្ងាយប្រហែល២៧០ម៉ែត្រ នៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ធៀង ធា ភេទប្រុស អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ រ.ច.ម អាយុ១០ឆ្នាំ។
បើតាមការឲ្យដឹងពីជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើខ្លួនបានចំនួន៥ដង ហើយគំរាមថា «បើនាងហ៊ានប្រាប់រឿងអាស្រូវមួយនេះឲ្យអ្នកណាមួយដឹងឮនឹងសម្លាប់ចោល»។
តាំងពីលើកទី១រហូតដល់លើកទី៤ ទើបលើកទី៥បានបែកធ្លាយរឿងអាស្រូវដែលជនសង្ស័យធ្វើសកម្មភាពមកលើខ្លួនម្តងទៀត ទើបម្តាយជនរងគ្រោះដឹងអំពីរឿងហេតុនេះក៏លួងលោមសួរនាំកូនរបស់គាត់រួចនាងក៏ប្រាប់អំពីរឿងអាស្រូវនេះតែម្តង។
យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរនាំ។ តែទោះជាសមត្ថកិច្ចធ្វើការសាកសួរតាមជំនាញរបស់សមត្ថកិច្ចយ៉ាងណាក្តីជនសង្ស័យមិនព្រមសារភាពចំពោះករណីរឿងនេះឡើយ។ ដូច្នេះក៏សមត្ថកិច្ចត្រូវតែឃាត់ខ្លួនជនសង្ស័យតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់រកយុត្តិធម៌ជូនជនរងគ្រោះ៕
មតិយោបល់