ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនជាតិបរទេស៣នាក់និងខ្មែរ រឿងជួញដូរគ្រឿងញៀនជិត២គីឡូ!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិនីហ្សេរីយ៉ា ២នាក់ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នសិន រង់ចាំបន្តនីតិវិធីនាពេលក្រោយ ពាក់ព័ន្ធ សំណុំរឿងជួញដូរគ្រឿងញៀន។

ប្រភពបញ្ជាក់ថា លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងចោទប្រកាន់លើ បុរសជនជាតិនីហ្សេរីយ៉ា ទី១ឈ្មោះ ស្តេហ្វាន់ និងទី២ឈ្មោះ ឈី នេឌូ ស្ត្រីជនជាតិហ្វីលីពីនឈ្មោះ ម៉ារីឡូ អូហ្ស៊ីឡូ និងស្ត្រីជាជនជាតិខ្មែរម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅ ៤គោលដៅផ្សេងៗគ្នា៖
គោលដៅទី១ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
គោលដៅទី២ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
គោលដៅទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
និងគោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១,៩៨៨.៩៥ក្រាម និងទូរសព្ទដៃ ចំនួន ៤គ្រឿង៕

មតិយោបល់