ព័ត៌មានកីឡា

Fabio Cannavaro ក្លាយជាគ្រូបង្វឹកមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្របខ័ណ្ឌ Chinese Super League

យោងតាមរបាយការណ៍ពី Daily Mail បានឱ្យដឹងថាលោក Fabio Cannavaro ដែលជាគ្រូបង្វឹករបស់ក្លិប Guangzhou Evergrande បានក្លាយជាគ្រូបង្វឹកដែលមានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងក្របខ័ណ្ឌ Chinese Super League ។

លោក Fabio Cannavaro អាចរកចំណូលបាន ១០,៦ លានផោនក្នុងមួយឆ្នាំ ដែលជាចំនួនខ្ពស់បំផុត សម្រាប់អ្នកគ្រប់គ្រងម្នាក់ នៅក្នុងក្របខ័ណ្ឌចិន។ តួលេខនេះក៏មានន័យថា Cannavaro គឺជាគ្រូបង្វឹក មានប្រាក់ឈ្នួលខ្ពស់បំផុតទីបួននៅក្នុងពិភពលោក បន្ទាប់ពីគ្រូបង្វឹកជម្រើសជាតិចិន លោក Marcello Lippi គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola និងលោក Jose Mourinho របស់ក្រុម Manchester United ។

ក្នុងក្របខ័ណ្ឌ Chinese Super League លោក Manuel Pellegrini និង Fabio Capello បានឈរនៅលេខ ២ បន្ទាប់ពី Cannavaro ក្នុងតួលេខគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់បំផុតជាមួយនឹងទឹកប្រាក់ ១០ លានផោនក្នុងមួយឆ្នាំ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៤៤ ឆ្នាំរូបនេះ បានបំពេញតួនាទីរបស់ខ្លួននៅ Evergrande តាំងពីរដូវកាល​ ២០១៧ បន្ទាប់ពីលោក Luiz Felipe Scolari ដែលបានលាឈប់ពីតំណែងខណ:ដែលទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Chinese Super League លើកទី៧ ៕

មតិយោបល់