ភ្នំពេញៈ ក្មេងស្រីដើររើសអេតចាយអាយុ៧ឆ្នាំម្នាក់បានស្លាប់ ខណៈដែលកំពុងដើររើសអេតចាយនៅតាមចិញ្ចើមផ្លូវ ត្រូវរថយន្ត២គ្រឿងបើកវ៉ាជែងគ្នាបុកហើយរថយន្តខាងលើបានបើករត់គេចពីកន្លែងហេតុ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ បន្ទាប់ពីទទួលដំណឹងថាកូនស្រីស្លាប់បានលឺដល់ម្តាយកំពុងតែឈឺពោះឆ្លងទន្លេកូនតូចមួយទៀតម្តាយក៏សន្លប់បាត់ស្មារតី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខឃ្លាំងសាំងសូគីមិច ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
រថយន្តបង្កម៉ាកALPHARDស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7998 អ្នកបើករថយន្តបង្កមានឈ្មោះ ង៉ាន់ វណ្ណឌី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពុងចាម។
រីឯក្មេងរងគ្រោះដែលស្លាប់-ឈ្មោះ សេន ទីណូត ភេទស្រី អាយុ៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ឯម្តាយដែលក្រោយពីដឹងថាកូនស្លាប់ហើយក៏សន្លប់ខណៈកំពុងឆ្លងទន្លេមិនរួចផងនោះមានឈ្មោះ សេន សារីខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុ បានបើកវ៉ាខាងស្តាំដៃរថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរស្របទិសគ្នាហើយក៏ជ្រុលចង្កូតទៅបុកក្មេងស្រីរងគ្រោះកំពុងដើររើសអេតចាយនៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កព្យាយាមបើករត់ខណៈមកដល់ចំណុចមុខប៉ុស្តិ៍នគរបានរដ្ឋាបាលព្រែកព្នៅក៏ត្រូវបានសមត្ថកិច្ចខាត់បានទាំងរថយន្តនឹងអ្នកបើកបរតែម្តង។
ដោយឡែកម្តាយក្មេងស្រីរងគ្រោះក្រោយពីបានទទួលដំណឹងថាកូនស្រីរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមម្តាយក៏សន្លប់បាត់បង់ស្មារតីភ្លាមខណៈកំពុងឈឺពោះឆ្លងទន្លេមិនទាន់រួចផង ប៉ុន្តែមួយសន្ទុះក្រោយមកត្រូវបានគេដឹកតាមរថយន្តទៅសង្គ្រោះក៏ដូចជាទៅឆ្លងទៅទន្លេនៅមន្ទីរពេទ្យផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងនិង ប្រគល់ខ្លួនអ្នកបើកបរ រថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ចំណែកឯសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/HqxpCCEcNBI
មតិយោបល់