ព័ត៌មានជាតិ

Update៖ រថយន្តដឹកជ្រូក បុកចូលសម្អាងការ«មិការស្សា សុវណ្ណលាភ» ក្រឡាប់ផ្ងារជើង និងស្រ្តីម្នាក់របួស !

ភ្នំពេញ: ស្រ្តីជាភ្ញៀវម្នាក់បានបែកចិញ្ចើមរងរបួសស្រាល ខណ:ពេលដែលរូបគាត់កំពុងតែអង្គុយឲ្យគេធ្វើសក់ ក្នុងហាងសម្អាងការមួយមានឈ្មោះថា «មិការស្សា សុវណ្ណលាភ» ក៏ស្រាប់តែមានរថយន្តកូរ៉េដឹកជ្រូកមួយគ្រឿង បោះពួយក្នុងល្បឿន យ៉ាងលឿនមកបុករះបណ្តាលឲ្យបាក់ជញ្ជាំង និង តុ ទូរសំអាង ជាច្រើនទៀតរងការខូចខាតយ៉ាងដំណំ និងបន្តទៅបុករបង ដីឡូតិ៍មួយកន្លែងទៀតជាប់នឹងក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរត់គេចខ្លួនបាត់ស្រមោលនោះ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចហាងសម្អាងការយីហោ មិការស្សា សុវណ្ណលាភ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៦៩ ភូមិចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េម៉ាក ហ៊ីយន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-3083 ចំណុះ ២តោនកន្លះ១គ្រឿង ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចខាងលើក៏ស្រាប់តែ រេចង្កូតមកខាងស្តាំដៃ បុករះចូលទៅក្នុងហាងសម្អាងការ
ខាងលើ បណ្តាលឲ្យស្រ្តីជាភ្ញៀវម្នាក់បែកចិញ្ចើមហូរឈាមរងរបួសស្រាល និងបន្តទៅបុករះរបងដីឡូត៍មួយកន្លែងទៀត ដែលនៅជាប់គ្នានោះបាក់អស់ជាច្រើនផ្ទាំង និង ក្រឡាប់ផ្ងារជើង ហើយបុរសអ្នកបើកបរលូនចេញ និង រត់គេចខ្លួន បាត់ស្រមោលតែម្តង។

ករណីនេះដែរ បានកើតឡើងដោយសារតែអ្នកបើកបរដោយខ្វះការប្រុងប្រយ័ត្នទើបបានរេ ចង្កូត ទៅបុកចូលហាងសម្អាងការខាងលើ បណ្តាលឲ្យបាក់ជញ្ជាំងផ្ទះ និងបែកតុ ទូរ រួមទាំងសម្ភារ:ប្រើប្រាស់មួយចំនួន ទៀតផងដែរ។

ក្រោយពេលកើតហេតុ ស្ត្រីជាភ្ញៀវរងគ្រោះត្រូវបានបញ្ជូនយកទៅធ្វើការព្យាបាល ចំណែកឯរថយន្តកូរ៉េដឹកជ្រូកបង្ករ ត្រូវបានកម្លាំងមានសម្ថកិច្ចហៅរថយន្តមកស្ទូចយកទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់មកធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

//youtu.be/kBpyuUl6bbM

មតិយោបល់