ភ្នំពេញៈ ខណៈនេះ ខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារប្រុសស្រី២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នាពាក់កណ្តាលអធ្រាត្រ យប់ថ្ងៃទី២៥ ឈានចូល២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ បន្ទាប់ពីជននេះបានចូលមកសារភាព ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ។
ហេតុការណ៍បាញ់ប្រហារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដែលនៅពេលនោះ ខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស បានធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនរងគ្រោះ ប្រុសស្រី២នាក់ ជិះរថយន្តម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 កំពុងឈប់នៅមុខច្រកចូលបន្ទប់ជួល។
ជនរងគ្រោះដែល ឃាតកតាមបាញ់សម្លាប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់៕
មតិយោបល់