ភ្នំពេញៈ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បានស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង និងម្នាក់ទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ និង២នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីត្រូវបុរសម្នាក់ស្រវឹងស្រាបើករថយន្តបុករះ ខណៈដែលជនរងគ្រោះកំពុងជិះកង់ និងម៉ូតូរួមនិងអ្នកថ្មើរជើង ពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជាប់ប៉ុស្តិ៍២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ដួង ចាន់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើក្រុមហ៊ុនសន្តិសុខឯងជន (LIBRA) ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកសពបុរសម្នាក់ទៀតដែលស្លាប់នៅឯមន្ទីរពេទ្យ និង អ្នករងរបួសធ្ងន់និងស្រាល២នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-9530 បើកបរដោយឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ បើកទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកបុរសជាសន្តិសុខម្នាក់កំពុងជិះកង់បំណងទៅយាមនៅគោលដៅស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះអូសតាមរថយន្តប្រមាណជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពេច។
ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់បានប្រមាណជាង២០០ម៉ែត្រជ្រុលទៅបុកម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះដោយបុរសម្នាក់រងបួសស្រាលហើយម្ចាស់ម៉ូតូមិនចង់មានរឿងវែងឆ្ងាយបានលើកម៉ូតូជិះបន្តដំណើនៅមុខបាត់។
ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខមកដល់ចំណុចមុខសាលាខណ្ឌសែនសុខបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-9697 ជិះដោយបុរសម្នាក់ស្របទិសដៅគ្នាបណ្តាលរងរបួសធ្ងន់ និងបុរសជាកម្មករសំណង់ម្នាក់ទៀតដើរឆ្លងកាត់ផ្លូវទិសដៅពីកើតទៅលិចបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច ហើយតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូ-កង់ត្រូវបានសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ សមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើធ្វើបុណ្យតាមប្រពៃណី។ ចំណែកសពជនរងគ្រោះម្នាក់ស្លាប់នៅមន្ទីរពេទ្យសមត្ថកិច្ចកំពុងទាក់ទងរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់