កណ្តាលៈ ចោរស្ទើរភ្លើង មានគ្នា៣នាក់ ធ្វើសកម្មភាពកាច់សោ.កបានសម្រេចជិះរត់បានចម្ងាយជាង០១គីឡូម៉ែត្រ ស្រាប់តែម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋដេញតាមទាន់ចាប់បានម្នាក់ វាយស្ទើរក្ស័យ កាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី១៦ មិថុនា ២០១៦ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណាំង មេសា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងបូរីពិភពថ្មីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរកម្មករនៅបូរីពិភថ្មី។
ប្រភពបន្តថា ជនល្មើសទាំង០៣នាក់៖ ១-ឈ្មោះម៉ៅ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ឈ្មោះធី ភេទប្រុស អាយុ២៩ឆ្នាំ ផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។ ៣-ឈ្មោះ ថា ភេទប្រុស អាយុ២៧ឆ្នាំ ផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរមិនពិតប្រាកដ់(គេចខ្លួន)។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ផ្លាកលេខព្រៃវែង1B-8739(ម៉ូតូជនរងគ្រោះ)។
គួរបញ្ជាក់ថា ជនល្មើសទាំងនាក់០៣ខាងលើ បានជិះម៉ូតូ០១គ្រឿងម៉ាក Wave i ពណ៌សលាយខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះខាងលើ ដោយជនល្មើសម្នាក់ឈ្មោះ ថា ជាអ្នកចូលកាច់ រីឯជនល្មើសឈ្មោះម៉ៅ សំណាង ជាអ្នកយាមផ្លូវ និងចាំជិះម៉ូតូដែលកាច់បាន ចំណែកជនល្មើសម្នាក់ទៀតឈ្មោះ ធី បញ្ឆេះម៉ូតូចាំមើលផ្លូវ។នៅពេលកាច់កម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ បានហើយជនល្មើសម្នាក់ ឈ្មោះម៉ៅ សំណាង បានជិះម៉ូតូនោះរត់គេច បានចំងាយជាង០១គីឡូម៉ែត្រ ក៏ត្រូវបានម្ចាស់ម៉ូតូព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាដេញចាប់បានម្នាក់ឈ្មោះ ម៉ៅ សំណាង រួមទាំងវត្ថុតាង ហើយនាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យមានរបួសស្នាមជាំ ពេញខ្លួន ក្រោយមកក៏ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ នាំជនសង្ស័យនិងវត្ថុតាង
យកមកអធិការដ្ឋាន។
តាមការសាកសួរជនល្មើសឈ្មោះ ម៉ៅ សំណាង បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពលួចកាច់ក យកម៉ូតូខាងលើ ប្រាកដមែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕
មតិយោបល់