ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនមួយកញ្ចប់

ភ្នំពេញ: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១២និង១៧នាទីរំលងអធ្រាត្រថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡា សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១.ឈ្មោះ សុខ ព្រហ្មតុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២.ឈ្មោះ ឯម ម៉ារីវុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសម្ថកិច្ចប៉ុស្តិ៍ឫស្សីកែវសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទប់ស្កាត់នៅបទល្មើស ឆក់ ប្លន់ លួច គាស់ផ្ទះ និងគ្រឿងញៀន ក៏ប្រទះឃើញជនសង្ស័យ២នាក់ខាងលើមានការសង្ស័យធ្វើការឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់