ព័ត៌មានជាតិ

ជិះម៉ូតូស្រែកចោរៗ ជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបRANGE ROVER របួសធ្ងន់!

ភ្នំពេញ: ស្រ្តីម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានស្រែកថាចោរៗបណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តស៊េរីមួយគ្រឿង ជិះស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តផ្នែកខាងក្រោយរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវ១២៨ កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីមិនស្គាត់អត្តសញ្ញាណម្នាក់មានវ័យជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីច ពណ៌ទឹកក្រូច ពាក់ស្លាកលេខ តាកែវ 1D-1501 ជិះតាមបណ្តោយផ្លូវ១២៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនហើយជិះបណ្តើរស្រែកថាចោរៗបណ្តើរ លុះជិះមកដល់ចំណុចកើតហេតុខាងលើ កែងនិងផ្លូវ២៦៥ ក៏ជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5978 ជិះជាលក្ខណ:គ្រួសារនៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តខាងក្រោយ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យពន្លឺដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបែកស្តុបកាងខាងក្រោយនិងកញ្ចក់យ៉ាងដំណំ។ រីឯមូតូខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

គួរបញ្ជាក់ផងដែរ ករណីខាងលើនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេព្រោះជនរងគ្រោះបានរងបួសធ្ងន់មិនអាចសួរនាំបានទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់