ព័ត៌មានសេដ្ឋកិច្ច

បារាំង ប្រមូលផលិតផលម្សៅ Buckwheat មកវិញ ក្រោយរកឃើញសារធាតុពុល

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ លក់រាយ ឱ្យមេត្តាជ្រាបថា អាជ្ញាធរបារាំង អគ្គនាយកដ្ឋានប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និង ត្រួតពិនិត្យការក្លែងបន្លំ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ( Directorate-General for Competition, Consumer Affairs and Fraud Control of Ministry of Economy and Finance) បានជូនដំណឹងអំពីការ ប្រមូលត្រឡប់មកវិញនូវ ផលិតផលម្សៅ buckwheat ដែលផលិតនៅប្រទេសបារាំង និងមានម៉ាកយីហោ Natur’Avenir បន្ទាប់ពីរកឃើញថា ផលិតផលនេះមាន វត្តមានសារធាតុ Tropane alkaloids ដែលមានប្រភពពីរុក្ខជាតិពុល Datura។ នេះបើតាមការចេញផ្សាយ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា Buckwheat និង ផលិតផលម្សៅ Buckwheat ប្រើប្រាស់ជាវត្ថុធាតុ ដើមសម្រាប់ផលិត ម្ហូបអាហារដូចជា គុយទាវ មី នំ នំបុ័ង ស្រា ស្រាបៀរ និងភេសជ្ជៈ។ល។

ការទទួលទាន ផលិតផលម្ហូបអាហារដែលមានចម្លងចូលសារធាតុខាងលើនេះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គថ្លើម ឈាម និងប្រព័ន្ឋសរសៃប្រសាទ។ ក្នុងករណីធ្ងន់ធ្ងរ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរាំងខ្ទប់មិនឱ្យនាំចូលផលិតផល និងផ្តល់ព័ត៌មាន ដល់ក្រុមហ៊ុននាំចូលអាជីវករលក់ដុំ និងរាយនៅលើទីផ្សារកម្ពុជា។

ក្នុងករណីមាននំាចូល និងចរាចរលើទីផ្សារ និងត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធី ប្រសិនបើមានការដាក់តាំងលក់។

ក្នុងសេចក្ដីប្រកាសបានបន្ដថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គនាយកដ្ឋានកាំកុងត្រូលសូមអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណ ដូចបានជំរាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់ មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ៕

មតិយោបល់