ភ្នំពេញៈ ដោយសារការធ្វេសប្រហែសរបស់តៃកុងរថយន្តបែនដឹកដីធន់យក្សមួយគ្រឿង បើកមិនទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែភ្លើងរប៉ាត់រប៉ាយនិងទ្រេតបង្គោលភ្លើង១ដើមផងដែរ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តប្រភេទបែនដឹកដីធន់ធំ១គ្រឿងនេះដែលពាក់ស្លាកលេខ ភ្នំពេញ 3A-6307 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម ដោយមិនទម្លាក់បែនស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ទាក់នឹងខ្សែភ្លើងទទឹងផ្លូវ បណ្តាលឲ្យដាច់រប៉ាត់រប៉ាយនិងទ្រេតបង្គោលភ្លើង១ដើមពេលនោះដែលតៃកុងរថយន្តបានបើកទ្វារថយន្តរត់បាត់ស្រមោលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះជួយសម្រួលចរាចរណ៍ដោយធ្វើការបិទផ្លូវតាំងពីចំណុចផ្លូវបំបែកចំការដូង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាងព្រោះខ្លាចមានគ្រោះថ្នាក់ផងដែរ តែរថយន្តត្រូវបានយកមកថែរក្សាទុកនៅអធិការខណ្ឌដង្កោដើម្បីឲ្យភាគីខាងរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
មតិយោបល់