ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានបាត់ពីផ្ទះ៤ថ្ងៃ ហើយត្រូវបានបុគ្គលិកវិទ្យុABCយកទៅស្នាក់នៅ១យប់ ស្អែកឡើងស្រាប់តែប្រទះឃើញអណ្ដែតទឹកស្លាប់នៅក្នុងទឹកបឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកបឹង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជាធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ អាដុល សាលីន អាយុ៧១ឆ្នាំ ជាអាណិកជន ខ្មែរបារាំង មានទីលំនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
យោងតាមសម្ដីបុរសម្នាក់ ដែលបានអះអាងថា ស្គាល់សាកសពរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះខាងលើនេះបានបាត់ពីផ្ទះ៤ថ្ងៃមកហើយ តែត្រូវបានវិទ្យុABC យកទៅនៅកន្លែងបាន១យប់ រួចព្រឹកឡើងក៏បានសុំអ្នកនៅកន្លែងវិទ្យុABCចេញទៅបាត់ពីកន្លែងតែម្ដង។
បើតាមសម្ដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី០៤ ខែដដែលបានឃើញបុរសវ័យចំណាស់ម្នាក់មកអង្គុយលេងទឹកនៅក្នុងបឹងរហូតដល់ល្ងាចជិតយប់ទើបបាត់គាត់ពីកន្លែងកើតហេតុ លុះដល់ព្រឹកឡើងម៉ោង១១ ថ្ងៃទី០៥ ខែដដែល ប្រជាពលរដ្ឋបានចុះទៅរកត្រី ទើបប្រទះឃើញសាកសពអណ្ដែតទឹកស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅ សមត្ថកិច្ចជំនាញកោសល្យវិច័យនៅកន្លែងកើតហេតុនិងធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់