ព័ត៌មានជាតិ

ខណ្ឌដូនពេញពលរដ្ឋគ្រប់គ្រងសំរាមបានល្អប្រសើរ

ភ្នំពេញៈ ដើម្បីទទួលបានសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងឈានដល់ការដោះស្រាយជូននោះខណ្ឌដូនពេញបានបើកវេទិការផ្សព្វផ្សាយ និងគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណាត្តិទី២ ​កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិស្ថិត ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាអនុប្រធានចុះជួយខណ្ឌដូនពេញនិងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំងមានការចូលរួមពីប្រជាពករដ្ឋចំនួន០៤សង្កាត់ផងដែរ។

​លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញបានមាន្រសាសន៍ថា វេទិកានេះ គឺបានផ្តល់ឲ្យក្រុមប្រឹក្សាខណ្ឌនូវនិតិវិធី និងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យ​ភាព តម្លាភាព រវាងក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋយើងចូលរួមក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌក្នុងគោលបំណង ដើម្បីធានាថា តើរាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ និងដោះស្រាយនិងឆ្លើយតប(បានឬមិនបាន) គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

​​ឆ្លើយតបនូវការលើកឡើងពីសំណើររបស់ប្រជាពលរដ្ឋ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានថ្លែងថា សព្វថ្ងៃនេះ បញ្ហាសំរាមតាមផ្ទះប្រជាពលរដ្ឋ និងនៅតាមទីសាធារណៈ មានការគ្រប់គ្រងកាន់តែបានប្រសើរហើយ អាស្រ័យដោយមានការយល់ដឹងពីប្រជាពលរដ្ឋ។ កាលពីប៉ុន្មានឆ្នាំកន្លងមក បញ្ហាសំរាមក្នុងខណ្ឌដូនពេញ គេតែងតែសង្កេតឃើញ មានគំនរសំរាម​ទុកគ្មានសណ្តាប់ធ្នាប់នៅមុខផ្ទះ និងតាមទីសាធារណៈ ។

​លោកអភិបាលបានបន្តទៀតថា ពេលមានភ្លៀងធា្លក់ម្តងៗ គេតែងតែសង្កេតឃើញថង់សំរាមហូរតាមទឹកពាសពេញផ្លូវ ហើយមកកកមាត់អណ្តូងលូ​។ ប៉ុន្តែឥឡូវនេះ គេមិនឃើញមានថង់សំរាមអណ្តែតតាមផ្លូវធ្វើឲ្យស្ទះលូរដូចមុនទៀតទេ។ ពេលនេះ ទោះបីជាបញ្ហាសំរាម កាន់តែគ្រប់គ្រងបានល្អ ក៏រដ្ឋបាលខណ្ឌនៅតែបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងពីការទុកដាក់សំរាមនេះជាបន្តទៀត ជាពិសេស ពីពេលវេលា ដែលខាងក្រុមហ៊ុនប្រមូលសំរាម បានកំណត់តាមផ្លូវនិងតំបន់ៗនិមួយៗ។
​លោកគួច ចំរើន អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា បច្ចុប្បន្ន ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួន បានយកសំរាមមកគរទុកមុខផ្ទះខុសពេលវេលាកំណត់ដែរ ដែលបញ្ហានេះ ប្រហែលជាពួកគាត់មិនទាន់ទទួលបានពត៌មានច្បាស់លាស់នៅឡើយ ឬ យ៉ាងណានោះទេ។ រដ្ឋបាលខណ្ឌ បានដាក់កំលាំងទៅណែនាំឲ្យបងប្អូនទាំងនោះ បានយល់ដឹងពីពេលវេលាដែលក្រុមហ៊ុនប្រមូលសំរ៉ាមបានកំណត់នេះ។ នៅតាមទីសាធារណៈមួយចំនួន ដូចជាតាមរបងវត្ត របងសាលារៀន និងតាមផ្សារជាដើម ដែលធ្លាប់តែមានគំនរសំរ៉ាម គរទុកយូរថ្ងៃនេះ ឥឡូវនេះមានការប្រមូលចេញបានទាន់ពេលវេលាហើយ។

​សូមបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ បានផ្តោតលើប្រធានបទចំនួន៣ រួមមាន៖ ទី១ ការងារសន្តិសុខសណ្តាប់ធ្នាប់, ទី២ ការងារអនាម័យ និង ទី៣ ការងារអភិវឌ្ឍន៍មូលដ្ឋាន៕

មតិយោបល់