ស្ទឹងត្រែង-សៀមរាបៈ ប្រជាពលរដ្ឋក្នុងខេត្តចំនួន២វាយប្រហារខ្លាំងជាងគេ គឺស្ទឹងត្រែង និងសៀមរាបកំពុងមានការខ្វាយខ្វល់ អំពីសត្វដង្កូវចុះស៊ីសន្ទូង សំណាប រាប់សិបហិកតា នៅភូមិកោះខនឌឹន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ជំហានដំបូងនេះគេមិនទាន់រកមូលហេតុឃើញនៅឡើយទេ ប៉ុន្តែក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាមកមន្ទីរកសិកម្មខេត្ត ចុះសិក្សានាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះហើយ។
ដោយឡែកខេត្តសៀមរាបវិញ ប្រជាពលរដ្ឋបាននាំត្អូញត្អែរថា ពួកគាត់ប្រឈមនឹងបាត់បង់ទិន្នផលស្រូវ និងខ្វះស្បៀងអាហារ ដោយសារហ្វូងសត្វដង្កូវរាតត្បាត និងស៊ីបំផ្លាញស្រូវអស់ជាង២០០ ហិកតានៅស្រុកក្រឡាញ់ អស់រយៈពេលជិតមួយសប្ដាហ៍កន្លងមកនេះ។
លោក បឿន ប៊ិន អាយុ៥០ឆ្នាំ រស់នៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ បានរៀបរាប់ថា ស្រូវវស្សារបស់គាត់ប្រមាណ៣ហិកតា រងការខូចខាត ដោយសារហ្វូងសត្វដង្កូវរាតត្បាត និងស៊ីបំផ្លាញរយៈពេលជិតមួយសប្ដាហ៍មកហើយ។
លោកបន្តថា បើភូមិគេផ្សេងៗទៀតវាមិនទាន់ស៊ីទេ ស៊ីតែភូមិនេះ ហើយវាចុះស៊ីស្រែខ្ញុំអស់មួយ រួចវារទៅស្រែមួយទៀត។ ស្រែខ្ញុំនៅខាងលិចមិនទាន់ទៅដល់ទេ ក្បែរភូមិនេះអស់ហើយ វាឡើងទៅទាំងហ្វូងមិនដឹងធ្វើម៉េច បើបានអង្គការអីគេជួយ មិនដឹងអរគុណប៉ុណ្ណាទេ។ ភូមិស្លែងមានពលរដ្ឋរស់នៅជាង២០០គ្រួសារ មានចម្ងាយ៥០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប។ ភូមិនោះស្ថិតនៅឃុំស្រណាល ស្រុកក្រឡាញ់ ដែលហ៊ុមព័ទ្ធដោយវាលស្រែធំល្វឹងល្វើយ មានពណ៌ខៀវស្រងាត់នារដូវវស្សា។ ប៉ុន្តែរយៈពេលមួយសប្ដាហ៍កន្លងមកនេះ អ្នកភូមិអះអាងថា ស្រូវវស្សា ដែលទើបមានអាយុប្រហែលពីរខែ ដែលមានពណ៌ខៀវស្រងាត់ ខ្លះនៅសល់តែគល់ និងខ្លះទៀតរុំព័ទ្ធដោយហ្វូងសត្វដង្កូវគ្រប់ប្រភេទ។
លោក ផុន ភឿត វ័យជាង៤០ឆ្នាំ បានឲ្យដឹងថា កន្លងមកពួកគេធ្វើស្រែវស្សានេះអាចទទួលផលបានជាងមួយតោនក្នុងមួយហិកតា ប៉ុន្តែលោកថាបើមានសត្វល្អិតបំផ្លាញវាអាចប្រឈមនឹងបាត់បង់ ទិន្នផលស្រូវស្របពេលដែលស្រូវខ្លះខ្វះទឹក។
អ្នកស្រី ឃុត ម៉ាឡា វ័យជាង៤០ឆ្នាំមួយរូបទៀត បានរៀបរាប់ថា ហ្វូងសត្វដង្កូវនោះមានគ្រប់ប្រភេទ និងគ្រប់ពណ៌បានវាយលុកលើស្រូវវស្សាអ្នកភូមិជាច្រើនហិកតា បណ្ដាលឲ្យខូចខាតទាំងស្រុងនិងជាច្រើនហិកតាទៀតកំពុងប្រឈម។
ករណីនេះ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោកមឿង សុនិត្យា លោកមានប្រសាសន៍ថា ក្រោយការពិនិត្យលើសត្វដង្កូវបំផ្លាញដំណាំស្រូវនោះ លោកបានណែនាំឲ្យពលរដ្ឋទប់ស្កាត់ដោយប្រើបច្ចេកទេសបុរាណ ប៉ុន្តែលោកមិនបានបញ្ជាក់ពីវិធីសាស្ត្រនោះទេ ដោយប្រាប់ថាលោកបានណែនាំឲ្យកសិកររួចរាល់ហើយ។
ករណី នេះមេភូមិស្លែងឃុំស្រណាលលោក ប៊ិន បៀន មានប្រសាសន៍ថា វិធីសាស្ត្រដែលមន្ទីរកសិកម្មខេត្តណែនាំដល់ពលរដ្ឋនោះ គឺឲ្យជីករណ្ដៅដាក់ផេះកាត់មុខហ្វូងសត្វដង្កូវ ប៉ុន្តែលោកថា បច្ចេកទេសនេះគ្មានលទ្ធភាពនោះទេ ដោយសារសត្វល្អិតនោះបានរាតត្បាតស្ទើរតែគ្រប់ស្រែនៅតំបន់នោះ។ លោកបន្ដថា ៖ ប្រធានការិយាល័យកសិកម្មស្រុកគាត់ណែនាំមិនចង់ឲ្យយើងប្រើថ្នាំ ឲ្យយើងប្រើជារណ្ដៅរោយជាផេះ ឲ្យយើងប្រើថ្នាំបុរាណ ឲ្យបុកស្ដៅពូតត្រងលាយជាមួយនឹងសាប៊ូ និងទឹកនោមយកទៅបាចវាអាចពុលដែរ ហើយខ្ញុំប្រាប់ប្រជាជនទៅថាធ្វើមិចកើតបើស្រូវខ្លះបួនប្រាំ ហិកតាបុកស្ដៅពូតយកលាភកើតទេ។
ទោះជា យ៉ាងណាក្រសួងកសិកម្មបានប្រកាសថា ខេត្តចំនួន៥បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករ នៅដើមរដូវវស្សានេះ ដែរថា ករណីនេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរធ្វើឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ ដែលកើតឡើងដូចជានៅខេត្តកំពង់ចាមមានចំនួន១២០ហិកតា ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងឧត្តរមានជ័យ។
ក្រសួងកសិកម្មបានប្រាប់ពីវិធីសាស្ត្រមួយចំនួនក្នុងការកម្ចាត់ដង្កូវ ហ្វូងដោយត្រូវសាបសំណាបឲ្យឆ្ងាយពីវាលស្មៅដែលជាទីជម្រករបស់វា បោចស្មៅចេញពីក្នុងស្រែឬចម្ការបូមទឹកដាក់ឲ្យច្រើនទៅក្នុងស្រែ រួចហើយដើរកៀរប្រមូលយកដង្កូវទៅកម្ទេចចោលឬក៏បញ្ចូលទាឲ្យទៅស៊ី ដង្កូវ។ ប្រភេទថ្នាំដែលមានឥទ្ធិពលលើដង្កូវហ្វូង និងដង្កូវកាត់ស្លឹកស្រូវមាន៖ អាស្សូវឌ្រិនក្នុងកម្រិតទឹក ៤០០-៥០០ លីត្រលាយនឹងថ្នាំ ១ លីត្រ និងសិវ៉ិន ក្នុងកម្រិត ២-៣ ស្លាបព្រាបាយដោយលាយជាមួយទឹក ១៥ លីត្រ។
ទោះជា យ៉ាងណា អ្នកភូមិបានអំពាវនាវ ដល់មន្ត្រីជំនាញជួយអន្តរាគមន៍ដល់ដំណាំស្រូវពួកគាត់ឲ្យបានទាន់ ពេលវេលាផង ដើម្បីបញ្ចៀសគ្រោះអន្តរាយដែលកើតឡើងពីសត្វដង្កូវរាតត្បាតលើដំណាំ កសិកម្មនោះ៕
មតិយោបល់