ព័ត៌មានកីឡា ព័ត៌មានជាតិ

កីឡាករចំណូលថ្មីរបស់ Arsenal កំពុងលេចធ្លោនៅ Euro 2016

ស្វីសៈ Granit Xhaka ខ្សែបម្រើថ្មីដែលក្រុម Arsenal ទើបតែទិញចូល កំពុងតែបង្ហាញសមត្ថភាពគូរឱ្យចាប់អារម្មណ៍នៅព្រឹត្តិការណ៍ Euro 2016 ក្នុងនាមជា Key Player ម្នាក់ក្នុងជម្រើសជាតិស្វីស។

Xhaka បានសម្រេចចិត្តចូលខ្លួនជាមួយក្រុម Arsenal បន្ទាប់ពីបិទបញ្ចប់រដូវកាលជាមួយក្រុម Borussia Mönchengladbach ក្នុងតម្លៃខ្លួនផ្ទេរប្រមាណជា៣៥លានផោន។ កីឡាករវ័យ២៣ឆ្នាំរូបនេះ កំពុងលេងឱ្យឈុតធំស្វីសក្នុងពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 ដោយបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយរូបគេជា Key Player សម្រាប់ស្វីសក្នុង២ប្រកួតកន្លងមកនេះ។

ក្រុមស្វីសស្ថិតក្នុងពូល A ជាមួយក្រុមបារាំង រ៉ូម៉ានី និងអាល់បានី។ ដោយបារាំង២ប្រកួតឈ្នះទាំងពីរ ឈរនៅលេខ១ ខណៈដែលស្វីសលេខ២ មាន៤ពិន្ទុ ២ប្រកួតកន្លងមកឈ្នះមួយស្មើមួយ។ អ្វីដែលគេមើលឃើញសមត្ថភាព Xhaka ជួយស្វីសបានឈរលេខ២នេះ គឺរូបគេជាកីឡាករប៉ះបាល់បានច្រើនជាងគេ ហើយប៉ះសម្រេចដល់ទៅ៨៧% ឯណោះ។ ដោយ២ប្រកួតកន្លងមក យុវជនរបស់ Basel រូបនេះ ប៉ះបាន២២៤ប៉ះ និងសម្រេចបាន១៩៧ ។

ខ្សែបម្រើកម្ពស់១,៨៥ម៉ែត្ររូបនេះ ជាប់ជាជម្រើសជាតិស្វីសតាំងពីឈុត U17 មកម្ល៉េះ ហើយឡើងមកលេងឈុតធំតាំងពីឆ្នាំ២០១១ បង្ហាញខ្លួនបាន៤៤ដង ស៊ុតចូល៦គ្រាប់៕

មតិយោបល់