ព័ត៌មានសុខភាព

ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីពេលមានផ្ទៃពោះ សុដន់មនុស្សស្រីតែងតែប្តូររូបរាង?

អំឡុងពេលមានផ្ទៃពោះ មិនត្រឹមតែរាងកាយរបស់មនុស្សស្រីនោះទេ ដែលមានការប្រែប្រួល សូម្បីតែសុដន់ក៏ដូចគ្នាដែរ។ គ្រាន់តែការផ្លាស់ប្តូរទំហំ ពេលខ្លះអាចមានការឈឺចាប់ ដោយសារតែសុដន់រីកមាឌធំខ្លាំងពេក។ ក៏ប៉ុន្តែ នេះគឺជាសញ្ញាធម្មតា ដែលបញ្ជាក់ថា សុដន់កំពុងតែត្រៀមខ្លួនផលិតទឹកដោះ ដើម្បីបំពេញតម្រូវការរបស់ទារកនៅពេលកើតមក។

ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបណ្តោលឲ្យសុដន់ របស់មនុស្សស្រីមានការផ្លាស់ប្តូររូបរាង ក្នុងពេលមានផ្ទៃពោះ៖

១.ទំហំរីកកាន់តែធំ
វាជារឿងធម្មតានោះទេ សម្រាប់សុដន់ ដែលកើនទំហំអំឡុងពេលមានផ្ទៃពោះ ព្រោះវាកំពុងតែផលិតទឹកដោះកាន់តែច្រើនឡើងៗ។ តែទោះជាយ៉ាងណាក៏ដោយ សូមចាំថា សុដន់រីកធំកាន់តែខ្លាំង ឱកាសនៃការវិវត្តស្នាមបែកសង្វារ ក៏ប្រឈមកាន់តែខ្លាំងដែរ។

២.សរសៃឈាមចេញកាន់តែច្បាស់
អំឡុងពេលមានផ្ទៃពោះ ការផ្គត់ផ្គង់ឈាមកើនឡើងរហូតដល់ ៥០ភាគរយ ដើម្បីបំពេញតាមការកើនឡើងនៃតម្រូវការនៃរាងកាយ និងទារក មិនទាន់កើត។ ហេតុនេះ សរសៃឈាមវ៉ែនកាន់តែអណ្តែតចេញមក និងអាចមើលឃើញកាន់តែច្បាស់ ជាពិសេសនៅតំបន់សុដន់ ហើយជួនកាល ក៏អាចកើតមាននៅតំបន់ក្បាលពោះផងដែរ។ សរសៃឈាមទាំងនេះ អាចបាត់ទៅវិញ ឬនៅសេសសល់តិចតួច បន្ទាប់ពីសម្រាលកូនរួច។

៣.ផ្លាស់ប្តូរចុងសុដន់
ខណៈពេលដែលសុដន់ ទាំងមូលមានការផ្លាស់ប្តូរ ចុងសុដន់ក៏មានការផ្លាស់ប្តូរដូចគ្នាដែរ។ ចុងសុដន់ អាចប្រែក្លាយទៅជាពណ៌ខ្មៅ ជាងពេលធម្មតា ជាពិសេសក្នុងអំឡុងពេលពីរបីសប្តាហ៍ចុងក្រោយ នៃការមានផ្ទៃពោះ ហើយចុងសុដន់ក៏អាចរីកកាន់តែធំ ដើម្បីត្រៀមខ្លួនក្នុងការបញ្ចេញទឹកដោះមកក្រៅ។ ក្រៅពីនេះ វាអាចមានដុំពកតូចៗ លេចឡើងនៅក្បែរចុងសុដន់ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់នោះទេ ព្រោះទាំងនេះ គឺជាក្រពេញ សេប៊ូម (sebaceous) ដែលមានតួនាទីបញ្ចេញប្រេង ដើម្បីរក្សាសុដន់ឲ្យមានសុវត្ថិភាពពីការឆ្លងមេរោគបាក់តេរី៕

សូមទស្សនាវីដេអូខាងក្រោម៖

ដកស្រង់ពី៖ thehealthsite

មតិយោបល់