កណ្ដាលៈ បុរសជាប្តីប្រមឹកម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនកាលពីវេលាម៉ោង១៩ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាលស្រុកខ្សាច់កណ្តាលបានដឹងថា ជនល្មើសជាប្តីឈ្មោះ បឿន បេង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកស្រ្តីជាប្រពន្ធឈ្មោះ ថេង សាវ៉ន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានរបួសហើមពេញមុខ និងកូនឈ្មោះ បេង សំណាង ភេទប្រុស អាយុ ០៨ឆ្នាំ ជនជាតិខ្មែរ របួសពេញមុខគ្នា។ អ្នកទាំង៣រស់នៅនៅភូមិឃុំកើតហេតុខាងលើ។
ស្រ្តីជាប្រពន្ធបានប្រាប់ថា កន្លងមកប្ដីរបស់គាត់ធ្លាប់ប្រើហិង្សាលើរូបគាត់ជាច្រើនលើកច្រើនសារមកហើយ ហើយត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងបញ្ជូនទៅដាក់ពន្ធនាគាររយៈពេល១ឆ្នាំមកហើយ។
ស្ត្រីជាប្រពន្ធបានបន្តថា ពេលចេញពីពន្ធនាគារវិញ សូមមករស់នៅជាមួយគាត់វិញ។ លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច ជនល្មើសជាប្ដីបានទៅផឹកស្រាផ្ទះមិត្តភក្តិរហូតដល់ម៉ោង៦ល្ងាច ហើយត្រឡប់មកផ្ទះវិញ ដោយមានអការៈស្រវឹងស្រា រួចក៏ទៅដេកលើគ្រែក្នុងផ្ទះរហូតដល់វេលាម៉ោង១៩ថ្ងៃដដែល ជនល្មើសជាប្តី ក៏ក្រោកពីដេកវិញ ឃើញកូនប្រុសយំ ក៏ស្រែកសួរថា ថីហ្នឹង ពេកនោះកូនប្រុសភ័យក៏រត់ទៅផ្ទះជីតា ជនល្មើសជាប្ដីបានរត់ទៅតាមយកមកផ្ទះវិញ ពេលមកដល់ផ្ទះបានវាយកូនប្រុស ហើយចាប់បោកទៅលើគ្រែ និងច្របាច់ក ឃើញដូចនេះគាត់(ប្រពន្ធ) បានចូលទៅឃាត់ ស្រាប់តែជនល្មើសជាប្តីបានវាយទាត់ធាក់បណ្តាលឲ្យមានរបួសទាំងប្រពន្ធ និងកូន។
លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ គាត់(ស្រ្តីជាប្រពន្ធ)បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក បន្ទាប់មកកម្លាំងប៉ុស្តិ៍ហការជាមួយផ្នែកយុត្តិធម៌ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់