ព័ត៌មានជាតិ

ក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួ និងអាជ្ញាធរឃុំត្រើយស្លា នៅតែឃាត់ឃាំងប្រជាពលរដ្ឋ មិនឲ្យអាស្រ័យផលនៅដីរបស់ពួកគាត់

កណ្ដាលៈ ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ និង អាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅតែ ឃាត់ឃាំងប្រជាពលរដ្ឋ មិនឲ្យអាស្រ័យ ផលនៅដីរបស់ពួកគាត់ដែលបានធ្វើការដាំដុះ តាំងពីជំនាន់សម្តេចតេជោ កាត់ឡូនេសាទឲ្យប្រជាពលរដ្ឋភូមិទួលក្តី ហៅពាមសូ ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសម្ដែងការខឹងសម្បា និង អាជ្ញាធរឃុំត្រើយស្លា ក៏ដូចក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួ ដែលបានធ្វើទុក្ខបុកម្និញ ដល់ការប្រមូលផលចម្ការរបស់ពួកគាត់ ខណៈដែល ដំណាំបន្លែ ទាំងនោះ ត្រូវបានចងការលុយពីធនាគារ។

ប្រជាពលរដ្ឋនិយាយថា ចំពោះដីធ្លីដែលមានទំនាស់នេះ គឺពួកគាត់បានកាប់ឆ្ការអាស្រ័យផលតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន កាត់រំសាយឡូត៍នេសាទមកម្លេះ ពីព្រោះដីនេះស្ថិតនៅតំបន់ឡូត៍លេខ៣ ជាដីសម្បទានរបស់រដ្ឋ ពួកគាត់ធ្វើការដាំដុះបង្កបង្កើនផលរាល់ឆ្នាំ បើថ្ងៃណារដ្ឋដកហូតយកវិញ ក៏យល់ព្រមប្រគល់ជូនរដ្ឋវិញដែរ ហើយក្នុងអំឡុងពេលអាស្រ័យផលរាល់ឆ្នាំនោះ ក៏មិនមានបុគ្គលណាមកហាមឃាត់ និងអះអាងថា ជាដីរបស់ខ្លួនដែរ។ ទើបតែបច្ចុប្បន្ននេះស្រាប់តែមានខាងតំណាងក្រុមហ៊ុន ឈាង ប៉ាក់សួ-ឈ្មោះ លន់ ឡា មកអះអាងថា ដីនេះជាដីរបស់ឧកញ៉ា ឈាង ប៉ាក់សួ ហើយបានហាមមិនឲ្យពួកគាត់ធ្វើការដាំដុះនៅលើដីនោះបន្តទៀតទេ ប្រសិនបើនៅតែរឹងទទឹងធ្វើការដាំដុះបន្តទៀត នឹងប្តឹងទៅសមត្ថកិច្ចចាប់ដាក់គុកតែម្តង។

ប្រជាពលរដ្ឋនិយាយទៀតថា ដោយសារតែពួកគាត់ខ្លាចអំណាចលោកឧកញ៉ាទើបបង្ខំចិត្តឲ្យពួកគាត់បោះបង់ចោលនូវដំណាំខ្លះកំពុងតែលូតលាស់ខ្លះទៀតរៀបចំប្រមូលផល បណ្តាលឲ្យដំណាំទាំងនោះស្រពោនក្រៀមស្វិតងាប់គ្មានសល់ ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់រាប់លានរៀលជំពាក់ប្រាក់គេរាប់លានរៀល ហើយមិនដឹងរកប្រាក់ឯណាបានសងគេទេ មិនតែប៉ុណ្ណោះថែមទាំងប្តឹងចោទប្រកាន់ពួកគាត់ថា បានរំលោភយកដីរបស់លោកឧកញ៉ា ឈាង ប៉ាក់សួ ទៅវិញ ហើយរឿងដែលពួកគាត់ហួសចិត្តនោះ គឺអាជ្ញាធរឃុំ ស្រុក ហាក់ដាក់គំនាបទៅលើពួកគាត់ទៀត ពីព្រោះវាមិនដែលមាន ធម្មតាការចេញលិខិតអញ្ជើញ ឬកោះហៅបុគ្គលណាម្នាក់ អាជ្ញាធរ និងសមត្ថកិច្ចគួរចាត់លិខិតមុនមួយសប្តាហ៍ ឬពីរសប្តាហ៍។ ចំណែកពួកគាត់អាជ្ញាធរចេញលិខិតអញ្ជើញព្រឹកហ្នឹងទៅហៅពួកគាត់ឲ្យចូលខ្លួនដោះស្រាយនៅសាលាឃុំព្រឹកហ្នឹងតែម្តង ហើយចំពោះការដោះស្រាយទាំងមេឃុំ អភិបាលរងស្រុក និងមន្ត្រីជលផលហាក់លម្អៀងទៅខាងឧកញ៉ា ឈាង ប៉ាក់សួ ហើយនិយាយសង្កត់ដាក់គំនាបមកលើពួកគាត់ទៅវិញ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅលោកអភិបាលរងស្រុក ឈ្មោះ ញ៉ែម វន្ថា បាននិយាយថា ដីធ្លីស្ថិតក្នុងការដោះស្រាយមិនឲ្យមានគ្រឿងចក្រចូលឈូសឆាយបានទេ។ ប៉ុន្តែនៅថ្ងៃទី១៤-១៥ ខែឆ្នាំដដែលស្រាប់តែមានគ្រឿងចក្រចូលមកឈូសឆាយ ចំណែកអាជ្ញាធរធ្វើអត់ដឹង។ ជាមួយគ្នានេះតំណាងឧកញ៉ា ឈាង ប៉ាក់សួ ចេះតែអះអាងថា ដីនោះជាដីរបស់ឧកញ៉ា ឈាង ប៉ាក់សួ ពួកគាត់ឆ្ងល់ថា ដីនោះ ជាដីតំបន់ឡូត៍លេខ៣ ជាដីសម្បទានរបស់រដ្ឋដែលសម្តេច ហ៊ុន សែនកាត់រំសាយទុកឲ្យប្រជាពលរដ្ឋមានឱកាសនេសាទត្រី និងធ្វើការដាំដុះ ហើយអាជ្ញាធរខ្លួនឯងបានហាមឃាត់មិនឲ្យមានការទិញលក់នោះទេ បើថាដី ឈាង ប៉ាក់សួ តើអ្នកណាស៊ីញ៉េទទួលស្គាល់ការទិញលក់នោះ។ អ្វីដែលប្រជាពលរដ្ឋហួសចិត្តបញ្ហាដីនេះមិនត្រូវបានដោះស្រាយឲ្យប្រជាពលរដ្ឋផង ក៏លេចឮថា មានមន្រ្តីរាជការម្នាក់ឈ្មោះ សេង ធីម នាយផ្នែកជលផលទន្លេបាសាក់ បានកំពុងរត់ការ សុំ ស-ជ-ណ ដើម្បីសុំសិទ្ធកាន់កាប់ និង ធ្វើការវិនិយោគ ដោយលើកទំនប់ ក្នុងគោលបំណងថា នឹងចិញ្ចឹមត្រី និង ចិញ្ចឹមគោ ទៅវិញ។

ទាក់ទងនឹងបញ្ហានេះ លោក ម៉ៅ ភិរុណ អភិបាលខេត្ត បានឆ្លើបតប តាមទូរសព្ទថា បញ្ហានេះលោកបានដឹង តែក៏សូមប្រជាពលរដ្ឋដាក់ពាក្យមកសាលាខេត្ត ដើម្បីខេត្តស្វែងរកដំណោះស្រាយជូន។ រីឯក្រុមហ៊ុនរបស់លោកឧកញ៉ា ឈាង ប៉ាក់សួ មកឈូសឆាយដំណាំ ឬ ដី របស់ប្រជាពលរដ្ឋ គឺមិនត្រូវនោះទេ៕

មតិយោបល់