ស្រីលង្កា: នាយកដ្ឋានរដ្ឋាភិបាលស្រីលង្កាបាននិយាយនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបបានដាក់ការហាមប្រាមលើការ នាំចេញត្រីរបស់ប្រទេសស្រីលង្កា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ មិថុនានេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកបណ្ឌិត Ranga Kalanssoriya បាននិយាយថា ការហាមប្រាមនេះត្រូវបានគេលើកលែងហើយ បន្ទាប់ពីការពិភាក្សា កម្រិតខ្ពស់ថ្មីមួយដើម្បីសម្រេចចិត្តលើការលើកលែងការហាមឃាត់ត្រីស្រីលង្ការបស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុបបានប្រកាសការហាមឃាត់នៅក្នុងខែតុលា ឆ្នាំ២០១៤ ដោយសារតែការបរាជ័យរបស់ស្រីលង្កាដែលមិនអាចរារាំងក្រុមអ្នកនេសាទ ក្នុងស្រុកពីការរំលោភលើច្បាប់នេសាទអន្តរជាតិ និងបញ្ហាសិទ្ធិមនុស្ស។ ការនាំចេញអាហារសមុទ្ររបស់ស្រីលង្កា ត្រូវបានវាយប្រហារយ៉ាងខ្លាំង និងបានបន្តធ្លាក់ចុះចាប់តាំងពីការហាមឃាត់នេះ បានចូលជាធរមាន។
ស្រីលង្កាគឺជាប្រទេសមួយនៅក្នុងចំណោមអ្នកនាំចេញត្រីធំបំផុតរបស់សហភាពអឺរ៉ុប នៃផលិតផលជលផលមានតម្លៃខ្ពស់ ដូចជា ត្រី swordfish និងត្រីធូណា។
បើយោងតាមគណៈកម្មាការសហភាពអឺរ៉ុប ស្រីលង្កាបាននាំចេញត្រី ៧.៤០០តោន ដែលមានតម្លៃទឹកប្រាក់ ៧៤លានអឺរ៉ូ ស្មើនឹង ៩៤លានដុល្លារ នៅឆ្នាំ២០១៣ និងជាង ៥.០០០តោននៃផលិតផលជលផលរកប្រាក់ចំណូលបាន ៩.១០៣លានរូពីលុយស្រីលង្កា ដែលស្មើនឹង ៦២.៩៩លាន ដុល្លារ ក្នុងឆ្នាំ២០១៤ ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដែលមិនធ្លាប់មានពីមុនមកនោះ៕

មតិយោបល់