ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ ដួលចូលក្រោមរថយន្ត កិនស្លាប់យ៉ាងរន្ធត់

​បាត់ដំបង: ​ប្ដី​-ប្រពន្ធ ពីរ​នាក់​ ​​បើក​បរ​ធ្វេសប្រហែស ​ជិះ​ម៉ូតូឌុប​គ្នា​ ​បើកបរ​​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​ ជាន់​ហ្វ្រាំង​​បង្ខំ​​ដួល​ចូល​ក្រោម​កង់​រថយន្ត ​​កិន​ស្លាប់ប្ដី​ ​ប្រពន្ធ​រង​​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​​​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំនុច​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​អ្នកឃើញ​ហេតុការណ៍​ ​បាន​ប្រាប់​ឲ្យដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លីក ​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ​​ជិះ​គ្នា​ពីរ​នាក់ ​ស្ថិតក្នុង​ល្បឿន​យ៉ាង​លឿន ​ដល់​ចំណុច​កើតហេតុ​ គឺ​ផ្លូវ​មាន​សភាព​ជា​ប្រភេទ​ផ្លូវ​កោង​ គឺ​អ្នកបើកបរ​ម៉ូតូ​ បាន​ចាប់​ហ្វ្រាំង​​បង្ខំ​យ៉ាងខ្លាំង ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ទាំង​ជំហរ ​​ចៃដន្យនៅពេល​នោះ​ ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​​ ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ​បាត់ដំបង​ 5A-0010 ​បើកបរ​ក្នុង​ទិសដៅ​ច្រាស់​គ្នា ​មក​ដល់​ល្មម ​​កិន​ទៅលើ​បុរស​ជា​ប្តី ​ស្លាប់ ​ភ្លាម​មួយ​រំពេច​ នៅ​នឹងកន្លែង​កើតហេតុ​ ​ប្រពន្ធ​រង​របួស​ធ្ងន់​។ ប្រភព​បាន​បន្តថា ​បុរសជាប្ដី​​ស្លាប់​ ​​មានឈ្មោះ មួន វត្ថា ហៅ​ជា អាយុ​៣៦​ឆ្នាំ ​ចំ​ណែ​ប្រពន្ធ​ដែល​ជិះ​នៅ​ខាងក្រោយ​មានឈ្មោះ ម៉ាប់ អាយុ​៣២​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ស្វាយជ្រុំ​ ឃុំ​ជ្រៃ ស្រុក​ថ្មគោល។

ស្ត្រី​ជា​ភរិយា​ ​ដែល​រង​របួស​ធ្ងន់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួន​បាត់ស្រមោល ​មុន​ពេលដែល​សមត្ថកិច្ច​ចរាចរណ៍​ចុះទៅ​ដល់។ ​វត្ថុតាង​ទាំង២​ ត្រូវ​សមត្ថកិច្ច​ ​​នាំយក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជា​បណ្តោះ​អាសន្ន​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​ជា​ក្រោយ។ ដោយឡែក​ សព​ត្រូវ​បាន​​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារសាច់ញាតិ ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់