ភ្នំពេញ: នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នាសណ្ឋាគារអ៊ីនធឺខន វិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (វ.គ.ស.ក ) បានប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី១៣ ក្រោមវត្តរបសលោក ងីតាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្នងការរាជរដ្ឋាភិបាលប្រចាំ វ.គ.ស.ក និងមានការចូលរួមពីសំណាក់សមាជិក សមាជិការ របស់វិទ្យាស្ថានទាំងខ្មែរ និងជនបរទេសប្រមាណ១៥០នាក់ផងដែរ។
លោក ខូយ គីមលេង ប្រធាន វ.គ.ស.ក បានមានប្រសាសន៍ថា វិទ្យាស្ថាននេះគឺជាស្ថាប័នតែមួយគត់ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង គ្រប់គ្រងនិងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។ រហូតមកដល់ពេលនេះ វិទ្យាស្ថានមានសមាជិកសរុបចំនួន ២៨៨ ក្នុងនោះរួម មានសមាជិកដែលជាក្រុមហ៊ុនចំនួន ៥៣ និងសមាជិកដែលជាបុគ្គល ២៣៥នាក់។ បច្ចុប្បន្ន វ.គ.ស.ក បាននឹងកំពុងរៀបចំបង្កើតកម្មវិធីសិក្សា គណនេយ្យករជំនាញថ្នាក់ជាតិ ដោយរំពឹងថា កម្មវិធីនេះនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៦នេះ, បន្តសហការជាមួយសាកលវិទ្យាល័យ ក្នុងស្រុក ដើម្បីរួមចំណែកកែលំអកម្មវិធីសិក្សាឲ្យស្របទៅនឹងកម្មវិធីសិក្សាអន្តរជាតិ និងបន្តផ្សព្វផ្សាយនិងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោក ងី តាយី មានប្រសាសន៍ថា ឯកឧត្តមមានមោទនភាពក្រៃលែងចំពោះសមិទ្ធផលនានា ដែលវិទ្យាស្ថានសម្រេចបាន កន្លងមក ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងជំរុញឲ្យសមាជិករបស់ខ្លួនគោរពក្រមសីលធម៌វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ដែលជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះគឺជាសរសរស្តម្ភមួយសម្រាប់អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយចេរភាពនៅកម្ពុជា និងជាវិស័យដែលបានផ្តល់នូវក្របខណ្ឌចាំបាច់ ដើម្បីរៀបចំព័ត៌មានហិរញ្ញវត្ថុសម្រាប់គ្រប់វិស័យទាំងអស់ ដោយតម្រូវឲ្យគ្រប់សហគ្រាស អង្គភាព អាជីវកម្មរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមក្របខណ្ឌនៃការរាយការណ៍ហិរញ្ញវត្ថុ ដែលបានកំណត់នោះគឺស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម។
សូមបញ្ជាក់ថា ការដាក់ឲ្យអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា គឺមានគោលបំណងលើកស្ទួយ និងជំរុញឲ្យមានតម្លាភាព, គណនេយ្យភាព, អភិបាលកិច្ចល្អ, ភាពជឿទុកចិត្ត និងភាពអាចប្រៀបធៀបបាននៃព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសអាជីវកម្ម ក៏ដូចជាទាក់ទាញ ការវិនិយោគនិងមូលធនមនុស្សពីប្រទេសក្នុងតំបន់និងសាកលលោកផងដែរ៕
មតិយោបល់