ព័ត៌មានជាតិ

លែងលះគ្នា! ប្តីលួចយករថយន្តបើកគេចខ្លួនមកនៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈឹម ធី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្តីពីករណីលួច(រថយន្ត) ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ និងដោយអនុលោមទៅតាមការណែនាំរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អួង គឹមអេង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំអំពីអង្គហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ ថា ជនសង្ស័យឈ្មោះ អួង គឹមអេង បានរៀបការជាមួយកូនស្រីរបស់គាត់ឈ្មោះ ម៉ៅ ដា អាយុ២៦ឆ្នាំ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ក្រោយពេលរៀបការរួច ដោយជនរងគ្រោះមើលឃើញពីស្ថានភាពជីវភាពរបស់កូន និងកូនប្រសារមានភាពលំបាក ក៏សម្រេចចិត្តទិញរថយន្តម៉ាកKIA TOWNER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AH-1370 ចំនួន១គ្រឿង ដើម្បីឲ្យកូនប្រសារ(ជនសង្ស័យ) យកទៅប្រកបអាជីវកម្មដើម្បីចិញ្ចឹមគ្រួសារ។

ក្រោយពីមានមុខរបររកស៊ីត្រឹមត្រូវហើយកូនរបស់ជនរងគ្រោះ និងកូនប្រសារ ក៏បែរជាមានការប្រេះឆារ មិនចុះសម្រុងនឹងគ្នា ហើយក៏បែកផ្លូវគ្នារៀងខ្លួន ដោយមិនបានធ្វើលិខិតលែងលះនោះទេ។ រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានលបចូលមកផ្ទះកូនស្រីរបស់ជនសង្ស័យ ដោយកូនស្រីជនសង្ស័យមិននៅផ្ទះ ហើយបានលួចយករថយន្តខាងលើ បើកគេចខ្លួនបាត់តែម្តង ហើយបិទទូរសព្ទមិនឲ្យទំនាក់ទំនងបានទៀតផង។ រហូតមកទល់បច្ចុប្បន្នទើបបានទទួលដំណឹងថា ជនសង្ស័យបានគេចខ្លួនមករស់នៅក្រុងប៉ោយប៉ែត ហើយថែមទាំងមានប្រពន្ធថ្មីទៀតផង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រថយន្តខាងលើ គឺខ្លួនបានទិញពីជនរងគ្រោះ(គ្មានភស្តុតាងបញ្ជាក់) ហើយបានបើកបរមកលាក់ទុកនៅផ្ទះតារបស់គេ(ជនសង្ស័យ) នៅខេត្តពោធិ៍សាត់ ដោយមិនបានផ្តល់ដំណឹងឲ្យប្រពន្ធ និងម្តាយក្មេកទេ ព្រោះខ្លាចម្តាយក្មេករឹបអូសយករថយន្តពីខ្លួនវិញ ហើយបានគេចមកលាក់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត និងបានយកប្រពន្ធថ្មីទៀតផង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា ៖ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ៖ ក្រោយស្តាប់តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នាលើអង្គហេតុ និងបង្ហាញពីតម្រុយនៃបទល្មើស ដូច្នេះជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទ ប្រព្រឹត្តអំពើលួច(លួចរថយន្ត) កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់កាតទៅតាមនីតិវិធី៕

មតិយោបល់