Post News Media ព័ត៌មានជាតិ លឿនប៉ះលឿន លាន...

លឿនប៉ះលឿន លាន់ដូចរន្ទះ ដេកស្តូកលើផ្លូវ​!

ប៉ៃលិន: កាលពីវេលាម៉ោង១២និង៥០នាទីយប់ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ០៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ នៅចំណុចក្បែរកាស៊ីណូណាសាវើល ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសធ្ងន់) បើកបរម៉ូតូ ម៉ាកWave ពាក់ស្លាកលេខ ភ្នំពេញ1L-2490 ពីកើតទៅលិច ចំណែកភាគីម្ខាងទៀត ឈ្មោះ ង៉ូវ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) ជិះគ្នា២នាក់ឈ្មោះ ខុំ សាក ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសស្រាល) បើកបរម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-8894 ពីលិចទៅកើត។

ហេតុការណ៍នេះបណ្តាល មកពីកត្តាមនុស្ស បើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ក្រោយកើតហេតុ ចំណែកវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ៕