ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកបុរសម្នាក់ដើរតាមផ្លូវ ស្លាប់មួយរំពេច!

ព្រៃវែង: លោកអធិការស្រុកកំចាយមារ បានប្រាប់ Post News ថា ថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវជាតិលេខ៨ គីឡូម៉ែត១០៨-១០៩ នៅចំណុចមុខផ្ទះ នៅភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។

រថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទផ្លូវ៥ ស្លាកលេខ កំពង់ចាម 3A.2654 បើកពីកើតទៅលិច ហើយបានមកដល់ចំណុចកើតហេតុ បានបុកថ្មើរជើង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង មានឈ្មោះ រឿន ធី ភេទ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង។

បច្ចុប្បន្ន សាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ដក្រោយកើតហេតុបានបើកចេញចម្ងាយប្រហែល៥០០ម៉ែត បានឈប់អែបចិញ្ចើមថ្នល់ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដចោល។
ចំពោះវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្ដិ៍ស្មោងជើង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់