ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង័្សយម្នាក់ ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង: នៅថ្ងៃ អង្គារ ១៤រោចខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ៣០ និងនាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការ ឃាត់ខ្លួនជនសង័្សយម្នាក់ដោយដកហូតបាននូវទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក Iphone ។

មូលហេតុដែលបានឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺកាលពីថ្ងៃទី២៨ ខែកុម្ភ:ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ចំណុចក្រុម០៥ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច មានស្ថានទម្ងន់ទោស មួយបានកើតឡើង ដែលករណីនេះបាន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព យកពូថៅនិងកាំបិតកាប់ វាយផ្ដាច់សោបន្ទប់ផ្ទះរបស់ជនរងគ្រោះឈ្មោះ ថុន ថៃ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានលួចយកទូរស័ព្ទដៃម៉ាក Iphone ចំនួន០១គ្រឿង រួចគេចខ្លួនបាត់ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនតែម្តង ។ នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនសំណុំរឿង និងជនសង្ស័យមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯទូរស័ព្ទដៃបានធ្វើការប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់