ព័ត៌មានជាតិ

ជិះម៉ូតូដេញវាយគ្នា ត្រូវរថយន្តSIENNAបុក ស្លាប់២នាក់និងរបួសធ្ងន់៣នាក់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបុកម៉ូតូជាច្រើនគ្រឿងខណ:ដែលដេញវាយគ្នានៅតាមដងផ្លូវ បណ្តាលឲ្យស្លាប់២នាក់និងស្ត្រី៣នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅមុខបូរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។

សពជនរងគ្រោះប្រុសស្រីទាំង២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងបក្ខពួកផ្សេងទៀតជិះម៉ូតូជាច្រើនគ្រឿង បានដេញវាយគ្នានៅតាមផ្លូវ។ ចំណែកជនរងគ្រោះមានគ្នាប្រុសស្រី៥នាក់ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សង់០១៨ ជិះគ្នា៣នាក់ និងមួយគ្រឿងទៀតម៉ាក យ៉ាម៉ាហា ពណ៌ខៀវ អត់ស្លាកលេខ ជិះគ្នា២នាក់ទិសដៅពីកើតទៅលិច ខណ:ដែលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាកSIENNAពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-2375 បើកបញ្ច្រាសទិសដៅគ្នា បុកពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់និងរបួស៣នាក់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើកាវាស់វែងនិងនាំរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបញ្ជូនមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់