ភ្នំពេញៈ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងលោកឧកញ៉ា ផែ ហុកឈួន និងលោកស្រី អ៊ឹង ស៊ីស្រ៊ន មានសទ្ធាជ្រះថ្លា ប្រគេនទៀនព្រះវស្សានិងគ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ដល់វត្តចំនួន៣៣វត្តសំរាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃនារដូវចូលវស្សាឆ្នាំនេះ។
ថ្លែងក្នុងពិធីប្រគេនទៀនព្រះវស្សាដល់វត្តងទាំង៣៣វត្តដែលធ្វើឡើង នៅភោជនីដ្ឋានសូរិយារាជធានីភ្នំពេញនារសៀលថ្ងៃទី១៧មិថុនាលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសូមឲ្យព្រះសង្ឃខិតខំផ្សព្វផ្សាយព្រះធម៌ឲ្យបានចូលជ្រៅដល់ពុទ្ធបរិស័ទដើម្បីឲ្យព្រះពុទ្ធសាសនារុងរឿងផូផង់និងជាតិផ្កុំផ្កើង។
លោកស្រីលើកឡើងទៀតថា កន្លងមកនេះវិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អស្គាល់បុណ្យស្គាល់បាបនិងជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចំរើនជាបន្តបន្ទាប់។រាជរដ្ឋាភិបាលបានចាត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើទោះបីកន្លងមកនេះមានបុគ្គលសង្ឃខ្លះបានប្រព្រឹត្តអំពើមិនគប្បីប្រាសចាកទៅធម៌វិន័យរបស់ព្រះពុទ្ធប៉ុន្តែព្រះពុទ្ធសាសនានៅតែម្លប់សំរាប់ជាទីគោរពរបស់ពុទ្ធសាសនិកជននិងប្រទីបបំភ្លឺពុទ្ធសាសនិកជន ឲ្យប្រព្រឹត្តអំពើល្អ។
សូមបញ្ជាក់ថា ចំនួនវត្ត៣៣នេះ គឺនៅក្នុងរាជធានីភ្នំពេញមានចំនួន ០៧វត្ត និងនៅស្រុក ស្ទោងខេត្តកំពង់ធំចំនួន២៦វត្ត។ ក្នុងមួយវត្តទទួលបាន : ទៀនព្រះវស្សា ២គូ ប្រេងម៉ាស៊ូត ៣០លីត្រ ត្រ័យធំ ០១ត្រ័យ ទឹកសុទ្ធ ០៥កេស ទឹកក្រូច និងទឹកផ្លែឈើ ០៤កេស ស្ករស ២៥គីឡូក្រាម ទឹកដោះគោ ២៥កំប៉ុង តែស្លឹក ០២គីឡូក្រាម ត្រីខកំ៉ប៉ុង ២០កំប៉ុង ត្រីងៀត ០៥គីឡូក្រាម អង្ករ ៥០គីឡូក្រាម នំ ០១ធុង មីម៉ាម៉ា ១កេសធំ ខ្ទឹមស ០៥គីឡូក្រាម ម្សៅស៊ុប ០៥គីឡូក្រាម អំបិល ១០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ០១យួរ ផ្លែឈើ ០១កន្ត្រក កន្លេលខ្សែ ០១ដុំ ជើងពានសម្រាប់ដាក់ បច្ច័យ ០១ ធុងទឹកកក ០១ បច្ច័យ ក្នុងមួយវត្តចំនួន១.៦០០.០០០ រៀល ថវិកាសម្រាប់អាចារ្យក្នុងមួយវត្ត ៥ម៉ឺនរៀល។
ព្រះសង្ឃតាមវត្តទាំង៣៣វត្តត្រូវបាននិមន្តមកទទួលទៀនព្រះវស្សានិងគ្រឿងបរិក្ខា បច្ច័យនៅគេហដ្ឋានម្ចាស់ដើមបុណ្យនាថ្ងៃធ្វើពិធីសូត្រមន្តថ្ងៃ១៣កើតខែជេសត្រូវថ្ងៃទី១៧មិថុនានេះ៕
មតិយោបល់