ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី គណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារ និងផ្សារម៉ាត ចំនួន ០៤ មានដូចជា៖ ផ្សារពាណិជ្ជកម្ម, ផ្សារម្តុំឧតុនិយម, ផ្សារម៉ាតទំនើបលឹកូវ និងផ្សារម៉ាតទំនើបអន្តរជាតិទី១ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹក លតខៀវ ប្រហុក ត្រីងៀត មីកញ្ចប់ចិន និងសាច់ក្រក Hot Dog ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ និងទំនិញហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
-បង្គារមានលាយសារធាតុស្រដៀងចាហួយ ចំនួន ២៩ គីឡូក្រាម
-លតខៀវមានសារធាតុបូរ៉ាក់ ចំនួន ០៣ គីឡូក្រាម
– មីកញ្ចប់ចិន ចំនួន ៥៤ កញ្ចប់ ស្មើនឹង ៥,៩៥ គីឡូក្រាម
– សាច់ក្រកHot Dog = ១០ គីឡូក្រាម
សរុបចំនួន ៤៧,៩៥ គីឡូក្រាម
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ផលិតផលម្ហូបអាហារ និងទំនិញខាងលើធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវម្ហូបអាហារដែលមានផ្ទុកសារធាតុគីមី និងផលិតផលទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ ថែមទាំងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតែម្តង។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ៕
មតិយោបល់