ព័ត៌មានជាតិ

អ្នកបើកបររថយន្តឲ្យកាសុីណូ តុងហ្វាងមុិញជឺ លួចម៉ូតូគេបានសម្រេច គេចបាន១ថ្ងៃ ជាប់ខ្នោះរបស់សមត្ថកិច្ច!

ព្រះសីហនុ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូគេដែលចតទុកនៅមុខឱសថស្ថានយីហោ«ប្រជាជន» បានសម្រេច កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៤០នាទី នៅក្រុមទី១២ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ពេលដែលម្ចាស់ម៉ូតូចតម៉ូតូទុកនៅមុខឱសថស្ថានយីហោប្រជាជន ហើយគេចខ្លួនបាត់ រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ចាន់ ម៉ាន់​​ ​ហៅឡឹក ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យកាសុីណូ តុងហ្វាងមុិញជឺ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។ ចំណែកជនរងគ្រោះមានឈ្មោះ កែម ម៉ាលី ភេទប្រុស អាយុ៥៨ឆ្នាំ សម្ភារ:បាត់បង់មាន ៖ កាបូបលុយ ១ , កាតធនាគារ ២សន្លឹក , លុយ ៥០០ដុល្លារ , ទូរសព្ទដៃស៊េរីទំនើប ៣គ្រឿង ,ម៉ូតូម៉ាក VISION ពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនដែលនៅក្នុងម៉ូតូ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន​ កាបូបលុយ ១ , កាតធនាគារ ២សន្លឹក , ប័ណ្ណសម្គាល់អាវុធខ្លី ១សន្លឹក , អត្តសញ្ញាណប័ណ្ណនាយទាហាន ១សន្លឹក, ប័ណ្ណបើកបរកងយោធពលខេមរភូមិន្ទ ១សន្លឹក , ទូរសព្ទដៃ ៣គ្រឿង ,ម៉ូតូ ១គ្រឿង ម៉ាក VISION ពណ៌ក្រហម គ្មានស្លាកលេខ និងម៉ូតូម៉ាក STEP ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1I-0393 ចំនួន១គ្រឿង៕

មតិយោបល់