រតនគិរីៈ នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ មានករណីប្រជាពលរដ្ឋប្រទះឃើញមនុស្សម្នាក់ ធ្លាក់ចូលអណ្តូងទឹកស្លាប់ នៅក្បែរផ្ទះរបស់អ្នកជិតខាង ស្ថិតក្នុងភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះទៅដល់កន្លែងកើត បានចាត់ចែងកម្លាំង ឲ្យចុះស្រង់យកសពជនរងគ្រោះ មកដាក់ខាងលើជិតមាត់អណ្តូង ដើម្បីទុកឲ្យជំនាញបច្ចេកទេសខេត្តត្រួតពិនិត្យ។
ជនរងគ្រោះ ឈ្មោះផាង បាយ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចំការ មានទីលំនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះ បានផឹកស្រាស្រវឹងរអិលជើង ធ្លាក់ចូលក្នុងអណ្តូងទឹក ដោយខ្លួនឯងតែម្តង ។
សូមជំរាបថា ជនរងគ្រោះ មុនពេលធ្លាក់ចូលអណ្តូងទឹកនេះ បានបាត់ខ្លួននៅវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ លុះមកដល់ព្រឹកមិញ ទើបត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅក្នុងអណ្តូងទឹកតែម្តង៕
មតិយោបល់