ព័ត៌មានជាតិ

ជិះម៉ូតូអត់មួក គេចសមត្ថកិច្ច ត្រូវស្ត្រីម្នាក់ជិះមកពីក្រោយបុក របួសធ្ងន់!

​ភ្នំពេញ: បុរសម្នាក់ជិះអត់ពាក់មួកសុវត្ថិភាព ខណ:ឃើញសមត្ថកិច្ចកំពុងដាក់គោលដៅ ចាប់មួកកញ្ចក់ ស្រាប់តែបត់ក្រោយវិញភ្លាមនោះក៏ត្រូវស្ត្រីម្នាក់បុកបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB 6199 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចគោលដៅសមត្ថកិច្ចចាប់មួកកញ្ចក់ស្រាប់តែបត់មកក្រោយវិញ ដោយមិនបានបើកភ្លើងស៊ីញ៉ូរ។ ភ្លាមនោះស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1D 3215 ធ្វើដំណើរមកពីក្រោយគេចមិនទាន់ ក៏ជ្រុលបុកបណ្តាលឲ្យដួលទៅនិងថ្នល់រងរបួសសន្លប់ស្តូកស្តឹងមួយសន្ទុះទើបដឹងខ្លួនវិញ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយពេលក្រោយ៕
//youtu.be/q55_2iX01mU

មតិយោបល់