ស្វាយរៀងៈ តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីក្មេងប្រុសអាយុ៣ឆ្នាំ ម្នាក់ បានរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្ថែមថា នៅមុនពេលកើតហេតុ កុមាររងគ្រោះបានកាន់ដងសន្ទួចស្ទួចត្រី ខណៈដែលឪពុកម្តាយ មិនបានចាប់អារម្មណ៍ ដោយនៅម៉ោងប្រមាណជា៤ និង១០នាទីរសៀល ទើបដឹងថាបាត់កូន រួចក៏នាំគ្នាដើររក តែរកមិនឃើញសោះ ក៏មានការសង្ស័យថា ក្រែងកូនដើរធ្លាក់ស្រះទឹកខាងជើងផ្ទះ ទើបរកអ្នកជិតខាងឲ្យចុះរាវរកក្នុងស្រះ ក៏ប្រទះឃើញសពកូនប្រុសស្លាប់ នៅក្នុងបាតស្រះទឹកទៅហើយ។
ករណីលង់ទឹកស្លាប់នេះ សមត្ថកិច្ចបានចុះដល់កន្លែង ដើម្បីពិនិត្យសាកសព រួចក៏ប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់