ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកជាមួយរថយន្តស៊េរីទំនើប ត្រង់ផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ បុកជាមួយរថយន្តស៊េរីទំនើប ដែលកំពុងបើកឆ្លងផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តម៉ាក DEFENDEDX ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1507 បើកបរដោយបុរសម្នាក់។
រថយន្តកុងតឺន័រម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4456 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបខាងលើ ធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវបំបែកជាបួនទៅមុខ ខណ:នោះក៏ស្រាប់តែមានរថយន្តកុងតឺន័រ បើកមកពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលបុកចំពាក់កណ្ដាល បណ្ដាលឲ្យរងការខូចខាត។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ប៉ុន្តែមិនអាចចរចាគ្នាបាន ទើបកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់