ព័ត៌មានជាតិ

លេងសើចមិនបានទេ! បង្ក្រាបមុខសញ្ញាគ្រឿងញៀនដ៏ធំ៦នាក់ ដកហូតបានទាំងកាំភ្លើងនិងដាវ!

ក្រចេះ: លោកវរសេនីយ៍ឯក គង់ ស៊ីដន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ បានប្រាប់ Post News ថា ដោយអនុវត្តតាមបទបញ្ជារដ៏ម៉ឺងម៉ាត់ និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង២០នាទីរសៀល កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ពាក់ពន្ធ័នឹងករណី ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចវាលសំណាប ស្ថិតក្នុងភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។

លោកវរសេនីយ៍ឯក គង់ ស៊ីដន បានបន្តឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ លៀង វីត ហៅវិន ឬកែវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាជួញដូរគ្រឿងញៀនធំមួយនៅក្នុងស្រុកឆ្លូង , ទី២ឈ្មោះ ប៊ាត សីហា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅភូមិកើតហេតុខាងលើ , ទី៣ឈ្មោះ ម៉ាន ជុះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរមិនពិតប្រាកដ ,ទី៤ ឈ្មោះ ចាន់ ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ.ឥស្លាម មុខរបរកសិករ , ទី៥ឈ្មោះ ឡេង ឆាយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៦ ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្នុងនោះដែរ កម្លាំងបានធ្វើការដកហូតបាន៖ ក្រាមម្សៅ ពណ៌សថ្លា ដែលសង្ស័យថាជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៣កញ្ចប់ = ៣២១,៨ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច) , ទូរសព្ទចំនួន ៤គ្រឿង (ម៉ាក HUAWEI ពណ៌ស១, ម៉ាក NOKIA ពណ៌ខៀវ១, ម៉ាក HIYA ពណ៌ខ្មៅ១ និងម៉ាក IPHONE ពណ៌ស១ ) , ម៉ូតូចំនួន២គ្រឿង ( ម៉ាក HONDA SL ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1AU-6219 និង ម៉ាក HONDA MSX ពណ៌ក្រហម គ្មានស្លាកលេខ ) , កាំភ្លើងខ្យល់ ៤ដើម និង ដាវ២ដើម រួមនិងសម្ភារៈសម្រាប់ចែករំលែកចែកចាយ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់