ព័ត៌មានជាតិ

ប្រពន្ធឯណាមិនភ័យ ប្តីប្រាប់ថាត្រលប់ទៅផ្ទះ បាត់មួយយប់មិនឃើញ រត់ទៅប្តឹងសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីវ័យក្មេងម្នាក់ ខណ:ដែលកំពុងមានផ្ទៃពោះ៧ខែផង ក្នុងអារម្មណ៍ ភ័យព្រួយ លាយឡំជាមួយទឹកភ្នែកហូររលីងរលោង មានវត្តមាននៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយក្រុមគ្រួសារ ប្រុស-ស្រីចំនួន៥នាក់ ក្រោយពីបាត់ប្តី អស់រយ:ពេលមួយយប់មួយថ្ងៃ ក្រុមគ្រួសារ ភិតភ័យ ដើរស្វែងរកនិងប្តឹង សមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ ។

វត្តមានស្ត្រីខាងលើ និងក្រុមគ្រួសារ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាសង្កាត់ចោមចៅ៣ ស្ត្រីវ័យក្មេង បានរៀបរាប់ឲ្យដឹងថា ប្តីរបស់គាត់ដែលបាត់ខ្លួន គ្មានដំណឹងសូន្យឈឹង មានឈ្មោះ ហ៊ន សេងហ៊ួរ អាយុ២៤ឆ្នាំ មុខរបរ ជាងឈើ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែករូបនាងជាប្រពន្ធមានឈ្មោះ ចាន់ សែន អាយុ២៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ស្ត្រីជាប្រពន្ធបន្តទៀតថា ប្តីរបស់គាត់ ចេញទៅធ្វើការជាជាងឈើ នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល ជួន១ថ្ងៃឬ២ថ្ងៃ ប្តីវិលមកផ្ទះជួល ហើយដំណឹង តែងតែផ្តល់ឲ្យរាល់ថ្ងៃ ស្រាប់តែនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ប្តីបានទូរស័ព្ទប្រាប់ថា ឲ្យរៀបចំបាយ ម្ហូបទុកឲ្យហើយទៅ រូបគេនឹងចេញដំណើរពីក្រុងតាខ្មៅហើយ ក៏ប៉ុន្តែការរន្ទឹងចាំមើលផ្លូវប្តី ចាំបាត់ៗ ឆ្លងកាត់អស់ពេញមួយយប់ ទំនាក់ទំនងតាមទូរស័ព្ទទៅវិញ មិនអាចទាក់ទងបាន សាកសួរទៅកន្លែងសិប្បកម្ម ឈើ កន្លែងប្តីធ្វើការ ក៏គេប្រាប់ថា ចេញទៅបាត់ហើយ ទើបធ្វើឲ្យក្រុមគ្រួសារ ផ្អើលឆោឡោ ក្រោយពីបាត់ដំណឹងប្តី របស់ស្ត្រីវ័យក្មេងខាងលើ ទាំងក្រុមគ្រួសារតែម្តង ភិតភ័យ ព្រួយបារម្ភ មិនដឹងថា មានបញ្ហាអ្វី ទើបបាត់សូន្យដំណឹង រហូតនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធរួមដំណើរជាមួយបងប្អូន ប្រុសស្រី ក្រុមគ្រួសារ ស្នើរសុំមានការអន្តរាគមន៍ ពីតាមបណ្តាប៉ុស្តិ៍ប៉ូលិស អាជ្ញាធរ អ្នកសារពត៌មាន ឲ្យជួយស្រាវជ្រាវ និងប្រកាសស្វែងរក ។

ស្ត្រីជាប្រពន្ធបន្តទៀតថា ប្តីរបស់គាត់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពោធិ៍សាត់ 1G-4221 ជាមធ្យោបាយ៕

មតិយោបល់