ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថក្រុង បញ្ជូនអតីតក្រុមចោរប្លន់ AK ៦នាក់ ទៅតុលាការ ពាក់ព័ន្ធរឿងប្លន់ម្តងទៀត នៅទំនប់កប់ស្រូវ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរប្លន់ AK ចំនួន ៦នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធសំណុំរឿង ប្លន់អ្នកលក់សាំង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ កាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៦នាក់រួមមាន៖
-ទី១ឈ្មោះ នុត ខេន ហៅ ស៊ុន ខេន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ចោរ មានស្រុកកំណើត ភូមិពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

-ទី២ឈ្មោះ ងិន អ៊ាគ ហៅ សុខ ភេទប្រុ អាយុ ៤៣ឆ្នាំ មុខរបរ ចោរ ស្រុកកកំណើត ភូមិបឹងរ៉ែ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងចំណែកទីលំនៅបច្ចុប្បន្ន ភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

-ទី៣ឈ្មោះ ឈុត សុធី ហៅ ខ្មៅចាស់ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ ចោរ ស្រុកកំណើត ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំណែកទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

-ទី៤ឈ្មោះ ទៀប សារ៉ាត់ ហៅពេទ្យ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរចោរ មានស្រុកកំណើត ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ចំណែកទីលំនៅបច្ចុប្បន្ន ខេត្តស្វាយរៀង។

-ទី៥ឈ្មោះ ឈិន ណាង ហៅ ខ្មៅក្មេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ចោរ មានស្រុកកំណើត ភូមិគោគរវាង ស្រុកមេសាង ខេត្តព្រៃវែង ចំណែកទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ។

-និងទី៦ឈ្មោះ អ៊ុក ប៊ុន្នី ហៅ ពៅ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ចោរ មានស្រុកកំណើត ភូមិចំណងទៀក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ នុត ខេន ហៅ ស៊ុន ខេន ត្រូវបានសមត្ថកិច្ចបាញ់បាក់ជើង និងឃាត់ខ្លួនបានកាលពីយប់ថ្ងៃកើតហេតុ ចំណែកជនសង្ស័យ៥នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថា ពួកគេធ្លាប់ធ្វើជាចោរប្លន់ និងធ្លាប់ជាប់ពន្ធនាគារផងដែរ។

ក្រោយពីបានចេញពីពន្ធនាគារ ពួកគេបានប្រមូលម្តុំបក្ខពួក រកស៊ីមុខរបរដើម គឺធ្វើជាចោរប្លន់ដដែល។

គួររំលឹកថា កាលបពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ក្រុមជនសង្ស័យប្រដាប់ដោយកាំភ្លើង AK បានធ្វើសកម្មភាពប្លន់
ជនរងគ្រោះឈ្មោះ ថោង គីរី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអាវុធហត្ថ (បន្ទាយឡុងឈិន) និងប្រពន្ធឈ្មោះ សេក ចិន្តា ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ លក់ប្រេង នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ភ្លាមៗកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបាញ់ជនសង្ស័យឈ្មោះ នុត ខេន ហៅ ស៊ុន ខេន បាក់ជើង និងដកហូតបាន កាំភ្លើងវែងម៉ាក AK៤៧ ស្វាយកាត់ ចំនួន១ដើម បង់ចំនួន១មានគ្រាប់ ចំនួន៨គ្រាប់ និងទូរសព្ទចំនួន២គ្រឿង៕

មតិយោបល់