ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនបុរសម៉ាឡេស៊ីម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿង ឆបោកលុយ ជិត២លានដុល្លារ ពីជនជាតិជប៉ុនរាប់សិបនាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន បុរសជនជាតិ ម៉ាឡេស៊ីម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ជិត ២លានដុល្លារ ពីជនជាតិជប៉ុនចំនួន២៩នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ WOO KEE MUN ហៅ WOO CLEMENT ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះលេខ១២/១១ ផ្លូវ៥៩៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ០៨៥ អ.យ.យ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយតម្រូវឱ្យជនសង្ស័យ ចូលខ្លួនបំភ្លឺពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ជនជាតិជប៉ុនចំនួន២៩នាក់។

លោកស្រី ស៊ឺ វណ្ណនី ដែលជាតំណាងអយ្យការបានប្រាប់តាម Telegram នៅរសៀលថ្ងៃនេះថា លោកស្រី កំពុងតែសាកសួរជនសង្ស័យ ដោយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។

ពាក់ព័ន្ធសំណុំរឿងនេះ លោក ណាច ទ្រី ជាមេធាវី ការពារសិទ្ធិឱ្យជនរងគ្រោះចំនួន ២៩នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទថា លោកសង្ឃឹមថា តុលាការនឹងអាចផ្តល់យុត្តិធម៌ដល់កូនក្តីលោកបាន និងអាចតម្រូវឱ្យជនសង្ស័យ តំកល់ប្រាក់ជាសំណងដល់កូនក្តីលោក ផងដែរ ព្រោះកូនក្តីរបស់លោកប្តឹងនេះ គឺក្នុងគោលបំណងទាមទារប្រាក់ដែលជនសង្ស័យបានបោកយកទៅតែប៉ុណ្ណោះ។

ដូច្នេះបើជនសង្ស័យ ព្រមសងលុយទៅជនរងគ្រោះវិញ កូនក្តីលោកក៏ព្រមសម្របសម្រួលជាមួយជនសង្ស័យដែរ៕

មតិយោបល់