ព័ត៌មានជាតិ

២នាក់បងប្អូនបង្កើត នាំគ្នាជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចបង្រ្កាបបាននិងដកហូតថ្នាំ៣៧កញ្ចប់តូចធំ!

ភ្នំពេញ: កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយកម្លាំងប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់បងប្អូនបង្កើតដកហូតថ្នាំញៀន៣៧កញ្ចប់តូចធំ។ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ ក្រុម១១ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន២នាក់បងប្អូននោះបងមានឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣០ឆ្នាំ ប្អូនឈ្មោះ ហេងមករា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាកដ នឹងស្នាក់នៅជាមួយគ្នានៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះគឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងដល់ផ្ទះគ្មានលេខនិងឃាត់ខ្លួនបានជនសង្ស័យ២នាក់បងប្អូននិងសម្ភារ:ដកហូត ម្សៅក្រាមពណ៌សថ្លាចំនួន៣៧កញ្ចប់តូចធំ ក្នុងនោះ១កញ្ចប់ធំ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់